(ខេត្តកំពង់ធំ ): លោកហ៊ាន គឹមសឿន ទីប្រឹក្សាធនាគារជាតិ តំណាងលោកជំទាវជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា អញ្ជើញពិនិត្យមើលវឌ្ឍនភាព សាងសង់អគារសិក្សា១ខ្នងនៅវិទ្យាល័យជា ស៊ីមប្រឡាយ និងអគារមន្ទីរពេទ្យនៅមន្ទីរពេទ្យបង្អែកស្ទោង ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។
ក្នុងឱកាសនោះដែរ លោកបានលើកទឹកចិត្តដល់ក្រុមជាង ត្រូវធ្វើសំណង់ទាំងនេះប្រកបដោយបទដ្ឋានបច្ចេកទេស ដើម្បីធានាបាននូវគុណភាពប្រើប្រាស់បានយូរអង្វែងនិងប្រព្រឹត្តទៅបានតាមការកំណត់ដើម្បីឆ្លើយតបទៅនឹងគុណភាពសិក្សានិងកំណើនសិក្សានុសិស្សនៅវិទ្យាល័យជា ស៊ីមប្រឡាយ និង
តម្រូវការជាក់ស្ដែងរបស់មន្ទីរពេទ្យបង្អែកស្ទោង។
ជាមួយគ្នានេះ លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមការងារធនាគារជាតិជាពិសេស លោកជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនិងបណ្ឌិតជា សិរី ទេសាភិបាលនៃធនាគារជាតិកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខសុខុមាលភាពនិងតម្រូវការជាក់ស្ដែងរបស់សិស្សានុសិស្សនិងមន្ទីរពេទ្យនៅក្នុងស្រុកស្ទោង។
សូមបញ្ជាក់ថាអគារសិក្សានៅវិទ្យាល័យជាស៊ីមប្រឡាយ មានទទឹង ៩ម៉ែត្រ បណ្ដោយ ៥៤ម៉ែត្រចែកចេញជា ១២បន្ទប់ ហើយអគារនៅមន្ទីរពេទ្យបង្អែកស្ទោងមានទទឹ១៨ម៉ែត្រ ណ្តោយ៤៥ម៉ែត្រចែកចេញជា២៨បន្ទប់ ព្រមទាំងបំពាក់នូវគ្រឿងបរិក្ខារសិក្សានិងមន្ទីរពេទ្យផងដែរ ដែលជាអំណោយនិងជាចំណង់ដៃដ៏ថ្លៃថ្លារបស់លោកជា ចាន់តូ អតីតទេសាភិបាលកិត្តិយសធនាគារជាតិនៃកម្ពុជានិងអតីតប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង។
No comments:
Post a Comment