(កំពង់ធំ)÷ នៅរសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី នាំយកនូវថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារសពលោកអនុសេនីយ៍ត្រី ឆែ ប៊ុនលាប អតីតមន្ត្រីចូលនិវត្តន៍ នៅអង្គភាពស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ លោកបានទទួលមរណៈភាពកាលពីព្រឹកមិញ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងជន្មាយុ៦៩ឆ្នាំ ដោយរោគាពាធ ស្ថិតនៅភូមិពោធិបាក់ក សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន រួមជាមួយគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាក្រុងស្ទឹងសែន និងអាជ្ញាធរដែនដី បានថ្លែងនូវការសោកស្ដាយអាឡោះអាល័យ និងបានគោរពបួងសួងដល់វិញ្ញាណក្ខន្ធលោកអនុសេនីយ៍ត្រី ឆែ ប៊ុនលាប សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយនិងបានជូនពរដល់ក្រុមគ្រួសារសព សូមមានសុខភាពល្អ ទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន ។ ជាមួយនោះដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមនៅពេលនេះ ត្រូវរស់នៅមានអនាម័យល្អ ដើម្បីកុំឲ្យមានជំងឺដង្កាត់ផ្សេងៗ ទើបយើងទទួលបានសុខភាពល្អ ។
នៅក្នុងឱកាសនេះដែរឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ជូននូវថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល ព្រមទាំងអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន អង្ករចំនួន៥០គីឡូក្រាម មីជាតិចំនួន២ កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន២យួរ និងត្រីខកំប៉ុងចំនួន២យួរ ផងដែរ ។
ក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី និងឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានយកចិត្តទុកដាក់បម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ដោយអស់ពីចិត្តពីថ្លើម និងសូមគោរពជូនពរសម្តេច និងលោកជំទាវ ព្រមទាំងឯកឧត្តម អស់លោកទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។ អត្ថបទតំបន់សឹករងកំពង់ធំ
No comments:
Post a Comment