ខេត្តស្វាយរៀង៖ យោងតាមរដ្ឋបាលខេត្តស្វាយរៀងបានចេញលិខិតជម្រាបជួន លោក លោកស្រីប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម និងម្ចាស់ទីតាំងដែលអារបញ្ជាំង ផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង កម្មវត្ថុ ស្តីពីការបញ្ឈប់សកម្មភាពផ្សព្វផ្សាយ និងរុះរើផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ស្ថិតនៅ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង។
យោង: សារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់។
តបតាមកម្មវត្ថុខាងលើ រដ្ឋបាលខេត្តបានជម្រាបជួន លោក លោកស្រី ជ្រាបថា កាលពីពេលៗនេះ ក្រសួងមហាផ្ទៃ បានដាក់ចេញនូវសារាចរណែនាំលេខ ០៧២ សណន ចុះថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៤ ស្តីពី ការបញ្ឈប់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ក្នុងគោលបំណងពង្រឹងការអនុវត្តច្បាប់ ធានាដល់ សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក៏ដូចជាដើម្បីចូលរួមទប់ស្កាត់ការអូសទាញប្រជា ពលរដ្ឋ លេងល្បែងស៊ីសងខុសច្បាប់ដោយផ្ទាល់ ឬតាមប្រព័ន្ធអនឡាញ (Online) ។
អនុវត្តតាមសារាចរណនាំ ខាងលើ រដ្ឋបាលខេត្តស្វាយរៀង សូមធ្វើការណែនាំដល់ លោក លោកស្រីប្រធានក្រុមហ៊ុនផ្សព្វផ្សាយពាណីជ្ជកម្ម និងម្ចាស់ទីតាំងដែលមានផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ដូចខាងក្រោម៖ ១.ត្រូវបញ្ឈប់រាល់សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ តាមគ្រប់រូបភាព ដូចជា ផ្ទាំង ប៉ាណូ របាកាត់ទទឹងផ្លូវ ទូរទស្សន៍LED ផ្ទាំងផ្សព្វផ្សាយលើតុកតុក។ល។
ព្រមទាំងត្រូវរុះរើផ្ទាំងផ្សព្វផ្សាយ ល្បែងស៊ីសងគ្រប់ប្រភេទ ក្នុងរយៈពេល ៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ២.ក្រុមហ៊ុន និងម្ចាស់ទីតាំង ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរុះរើផ្ទាំងផ្សព្វ ផ្សាយ ល្បែងស៊ីសង ឲ្យបានទាន់ពេលវេលាកំណត់។
សូមបញ្ជាក់ថា ក្នុងករណីមានការយឺតយ៉ាវ ឬមិនបានអនុវត្តតាមការជូនដំណឹងនេះ រដ្ឋបាលខេត្តស្វាយរៀង នឹងចាត់វិធានការរុះរើនូវផ្ទាំងផ្សព្វផ្សាយល្បែងស៊ីសងគ្រប់ប្រភេទ ដោយមិនទទួលខុសត្រូវលើការខូចខាត ឬការបាត់បង់ឡើយ ហើយរាល់ការចំណាយជាបន្ទុករបស់ក្រុមហ៊ុន ឬម្ចាស់ទីតាំងផ្ទាល់ ។
ចំពោះក្រុមហ៊ុន ឬម្ចាស់ទីតាំងដែលមិនសហការរុះរើដោយខ្លួនឯង តាមពេលកំណត់ រដ្ឋបាលខេត្ត នឹងមិនអនុញ្ញាតក្រុម ហ៊ុន ឬម្ចាស់ទីតាំងនោះ បន្តផ្សព្វផ្សាយពាណិជ្ជកម្មនានា ក្នុងភូមិសាស្ត្រខេត្តស្វាយរៀងទៀតនោះទេ៕
No comments:
Post a Comment