ឯកឧត្តម នួន ផារ័ត្ន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកសិក្សាលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

ឯកឧត្តម នួន ផារ័ត្ន ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ដែលអញ្ជើញមកសិក្សាលើវិស័យកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ




(រដ្ឋបាលខេត្តកំពង់ធំ): នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូកូរ៉េ ចុះសិក្សាលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ

នៅក្នុងជំនួបពិភាក្សានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានលើកឡើងអំពីស្ថានភាពទូទៅ និងសក្កានុពលក្នុងខេត្តកំពង់ធំ ជាពិសេស វិស័យកសិកម្ម និងកសិឧស្សាហកម្ម ដូចជា ដំណាំ ស្រូវ ចន្ទី កៅស៊ូ ដំឡូងមី និងស្វាយកែវរមៀតជាដើម។

ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ដំណាំចន្ទីនៅក្នុងខេត្តកំពង់ធំ មានផ្ទៃដីដាំដុះបាន ១៥ម៉ឺនហ.ត ផ្ទៃដីប្រមូលផលសរុបជាង ១៤ម៉ឺនហ.ត និងទទួលបានទិន្នផលជាមធ្យម ១,៥តោន/ហ.ត ក្នុង១ឆ្នាំ និងបរិមាណផលសរុប ជាង ២២ម៉ឺនតោន ស្មើនឹងប្រមាណ ៣០% ក្នុងក្របខណ្ឌទូទាំងប្រទេស។ គ្រាប់ស្វាយចន្ទីរបស់កម្ពុជា មានទំហំធំ និងមានរសជាតិឈ្ងុយឆ្ងាញ់ ប៉ុន្តែការកែច្នៃនៅក្នុងស្រុកនៅមានតិចតួច ហើយផលិតផលចន្ទីឆៅភាគច្រើនត្រូវបានការនាំចេញទៅប្រទេសជិតខាង។ ហេតុដូច្នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជ្រើសរើសខេត្តកំពង់ធំ ជាមូលដ្ឋាននៃការកែច្នៃគ្រាប់ស្វាយចន្ទី ដោយសារខេត្តកំពង់ធំ នៅចំកណ្ដាលនៃប្រទេសកម្ពុជា ។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ទាក់ទងនឹងវិស័យស្វាយចន្ទីរបស់ខេត្តកំពង់ធំ សម្ដេចមហាបវរធិបតី បានអនុញ្ញាតឲ្យរដ្ឋបាលខេត្ត បង្កើតជាសួនកសិ-ឧស្សាហកម្ម ផ្តោតជាសំខាន់លើការកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង ដែលមានផ្ទៃដីទំហំប្រមាណជិត ៦០០ហ.ត មានចម្ងាយពីទីរួមខេត្តជិត ១៣គីឡូម៉ែត្រ។ នៅថ្មីៗនេះ យើងបានអបអរសាទរ គ្រាប់ស្វាយចន្ទីរខេត្តកំពង់ធំ បានចូលទៅក្នុងទីផ្សារសហគមន៍អឺរ៉ុបជាលើកដំបូងរបស់ខ្លួន រហូតដល់ ២៥០តោន/១ឆ្នាំ តាមរយៈក្រុមហ៊ុនមីរ៉ាត់ (Mirarth) របស់ប្រទេសជប៉ុន ដែលមានទីតាំងក្នុងខេត្តកំពង់ធំ។

ជាមួយគ្នានោះដែរ ឯកឧត្តម នួន ផារ័ត្ន បានថ្លែងអំណរគុណ ដល់គណៈប្រតិភូកូរ៉េ ដែលបានអញ្ជើញមកចុះសិក្សាលទ្ធភាពបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តកំពង់ធំ ដែលឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំសូមស្វាគមន៍ និងរង់ចាំជានិច្ចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការ។

សូមបញ្ជាក់ផងដែរថា បន្ទាប់ពិភាក្សារួមចក គណៈប្រតិភូកូរ៉េ បានចុះសិក្សាស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្ម គ្រាប់ស្វាយចន្ទី, ចុះពិនិត្យនៅរោងចក្រ MIRARTH Agri Tech, ជួបជាមួយសហគមន៍ស្វាយចន្ទី, ពិនិត្យទីតាំងសាងសង់រោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសរបស់រដ្ឋ និងសហគមន៍ស្វាយចន្ទី ក៏ដូចជា ជួបជាមួយកសិករដាំស្វាយចន្ទីផងដែរ។​
អត្ថបទដោយ​ រដ្ឋបាលខេត្ត
រូបភាពដោយ​ យីម​ ប៊ុន​ ហ័រ



















No comments:

Post a Comment

Pages