(កំពង់ធំ)÷ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ ២០២៤ រដ្ឋបាលស្រុកប្រាសាទសំបូរ បានប្រារព្វពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា( ២ ធ្នូ ១៩៧៨ -២ធ្នូ ២០២៤)នៅវិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ក្រោមអធិបតីភាពឯកឧត្តម យឹម លាត អគ្គទេសាភិបាលរងធគារជាតិនៃកម្ពុជាតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។
ក្នុងឱកាសជួបជុំមន្ត្រីរាជការ លោកគ្រូអ្នកគ្រូ កងកម្លាំងទាំងបី ប្រជាពលរដ្ឋ ព្រមទាំងសិស្ស និស្សិតដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៦ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា ( ២ ធ្នូ ១៩៧៨ -២ធ្នូ ២០២៤)។ នាពេលនោះ ឯកឧត្តម យឹម លាត បានលើកឡើងថាក្នុងនាមជាយុវជនបន្តវេនត្រូវតែចូលរួមធ្វើការងារសង្គម ចូលរួមទប់ស្កាត់ព័ត្៌មានក្លែងក្លាយ និងព័ត្៌មានមិនពិត។
ឯកឧត្តមអគ្គទេសាភិបាលរងធនាគារជាតិ នៃកម្ពុជា បានបន្ថែមទៀតថាដើម្បីទប់ស្កាត់នូវការផ្សព្វផ្សាយព័ត៌មានមិនពិត យើងទាំងអស់គ្នាត្រូវតែចូលរួមផ្សព្វផ្សាយព័ត៌មានពិត ជាពិសេសគឺត្រូវផ្សព្វផ្សាយពីលទ្ធផលការងារ និងសមិទ្ធផលដែលថ្នាក់ដឹកនាំរបស់យើងសម្រេចបាន អោយបានទូលំទូលាយ និងគ្រប់បណ្ដាញសង្គមទាំងអស់ផងដែរ។
ឯកឧត្តម យឹម លាត ក៏បានសង្កត់ធ្ងន់ដែរថាក្នុងយុគសម័យឌីជីថលក្រុមខិលខូចបានព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ ក្នុងគោលបំណងវាយប្រហារមកលើថ្នាក់ដឹកនាំរបស់យើង ដើម្បីបង្កើតការភាន់ច្រឡំ និងបំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងរបស់ប្រទេសជាតិ។
ឯកឧត្តមក៏បានបន្ថែមទៀតថាប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវចូលរួមថែររក្សាសន្តិភាពតាមរយៈស្មារតី០២ ធ្នូ មានសន្ដិភាពទើបមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ ហើយយើងទាំងអស់គ្នាត្រូវតែចូលរួមថែរក្សាសន្តិភាពដើម្បីបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើនជាងនេះទៅទៀត។ អត្ថបទរដ្ឋបាលស្រុកប្រាសាទសំបូរ
No comments:
Post a Comment