ខេត្តក្រចេះ៖ នៅថ្ងៃចន្ទ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម សួស សេរីសួស្តី អភិបាលរងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត លោក ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត លោកវេជ្ជបណ្ឌិត តាន់ សុង ប្រធានក្រុមការងារ នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) សរុប ២៥៨នាក់ សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាលខេត្ត បានចាប់ផ្តើមយុទ្ធនាការចុះពិនិត្យ និងព្យាបាលជំងឺជូនពលរដ្ឋដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយពិនិត្យទៅលើជំងឺទូទៅ វះកាត់រោគស្ត្រី វះកាត់ភ្នែក ព្យាបាលមាត់ធ្មេញ ចាក់ម្ជុលវិទ្យាសាស្ត្រ ព្រមទាំងចែកវ៉ែនតា និងវ៉ែនតាការពារកម្ដៅថ្ងៃជូនពលរដ្ឋចាស់ៗ។
លោកវេជ្ជបណ្ឌិត តាន់ សុង ប្រធានក្រុមការងារនៃសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA) បានលើកទ្បើងថា ទោះបីជាលោករស់លើទឹកដីអាមេរិកក្តី ក៏លោកនៅតែនឹករលឹក និងស្រឡាញ់ទឹកដីកំណើតដែលធ្លាប់រស់នៅ ពិសេសប្រជាពលរដ្ឋដែលជួបការលំបាកពីរឿងសុខភាព។ ដូច្នេះហើយ លោកបានធ្វើការប្រកាសដល់សប្បុរសជន និងក្រុមគ្រូពេទ្យខ្មែរនៅអាមេរិកឱ្យជួយជាថវិកា ថ្នាំពេទ្យ វ៉ែនតា និងពិសេសទៅទៀត គឺវេជ្ជបណ្ឌិតសមាគមសុខាភិបាលខ្មែរនៅអាមេរិក ដើម្បីចុះមកខេត្តក្រចេះជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។
ក្នុងឱកាសនោះដែរ ឯកឧត្តម សួស សេរីសួស្ដី អភិបាលរងខេត្តក្រចេះ បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះក្រុមវេជ្ជបណ្ឌិត នៃសមាគមសុខាភិបាលខ្មែរនៅអាមេរិកទាំងអស់ដែលបានចុះមកពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋក្នុងខេត្តក្រចេះនៅពេលនេះ ដែលនេះបានបង្ហាញពីការរួមចំណែកក្នុងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋសម្រាប់ការថែទាំសុខភាពបន្ថែមប្រចាំថ្ងៃបានយ៉ាងច្រើន។
ឯកឧត្តម អភិបាលរងខេត្តក្រចេះ បានបន្តថា យុទ្ធនាការពិនិត្យ និងព្យាបាលជំងឺជូនដល់ប្រជាពលរដ្ឋនៅតាមជនបទនៅពេលនេះ គឺធ្វើឡើងដោយមិនប្រកាន់និន្នាការនយោបាយ សាសនា វណ្ណៈនោះទេ ដោយគោលបំណងចម្បង គឺធ្វើការរួមចំណែកបន្ថែមក្នុងការបំប៉ន លើកកម្ពស់សុខុមាលភាព និងកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ។
ជាចុងក្រោយ ឯកឧត្តម អភិបាលរងខេត្តក្រចេះ បានគូសបញ្ជាក់ថា យុទ្ធនាការនេះ គឺជាជំនួយមនុស្សធម៌សុខភាពសាធារណៈ ហើយឯកឧត្តម ស្នើសុំឱ្យសកម្មភាពបែបនេះ នៅតែបន្តមានបន្ថែមទៀតសម្រាប់ប្រជាពលរដ្ឋគ្រប់រូបនៅក្នុងខេត្តក្រចេះ៕ប្រភព៖ រដ្ឋបាលខេត្តក្រចេះ
No comments:
Post a Comment