សេចក្តីជូនដំណឹង៖ស្តីពីការស្នើសុំច្បាប់អនុញ្ញាត និងបន្តសុពលភាពផ្សព្វផ្សាយពាណិជ្ជកម្មតាមអាហ្វីស ប៉ាណូ ស្លាកយីហោ និងអាជីវកម្មលើវិស័យព័ត៌មានគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
យោង៖ - អនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧ ស្តីពីការបង្កើតយន្តការច្រកចេញចូលតែមួយ សម្រាប់ការផ្តល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
- ប្រកាសលេខ ៣៥១ ព.ម ប្រក ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨ របស់ក្រសួងព័ត៌មាន ស្តីពីការធ្វើប្រតិភូកម្ម ផ្ទេរមុខងារការផ្តល់សេវារដ្ឋបាលលើវិស័យព័ត៌មានជូនរដ្ឋបាលរាជធានី ខេត្ត ។
រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយសសូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ ក្រុមហ៊ុនពាណិជ្ជកម្ម សហគ្រាស ពាណិជ្ជករ អាជីវករ សេវាករ ដែលប្រកបអាជីវកម្មសេវាកម្មពាក់ព័ន្ធនឹងវិស័យព័ត៌មាន និងសោតទស្សន៍ ដូចជា ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទតាមអាហ្វីស ប៉ាណូ ស្លាកយីហោ ទាំងតាមទីសាធារណៈ និងជាប់អាគារ តាមមធ្យោបាយដឹកជញ្ជូនគ្រប់ប្រភេទ និងអាជីវកម្មស្ថានីយវិទ្យុ-ទូរទស្សន៍ ទូរទស្សន៍ខ្សែកាប កាសែត គេហទំព័រ និងគ្រឹះស្ថានបោះពុម្ព ទាំងអស់ ឱ្យបានជ្រាបថា៖ រាល់ដំណើរការអាជីវកម្ម-សេវាកម្ម ដូចបានជម្រាបជូន ខាងលើ សូមអញ្ជើញមកបំពេញសំណុំឯកសារ និងបង់ថ្លៃសេវារដ្ឋបាល ដើម្បីសុំច្បាប់អនុញ្ញាត និងបន្តសុពលភាព សម្រាប់ឆ្នាំ២០២៥ នៅអង្គភាពច្រកចេញចូលតែមួយ នៃរដ្ឋបាលខេត្តស្វាយរៀង ដែលមានទីតាំងស្ថិតក្នុងបរិវេណ សាលាខេត្តស្វាយរៀង ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ជាកំហិត ។
ក្នុងករណីម្ចាស់ក្រុមហ៊ុនពាណិជ្ជកម្ម អាជីវករ សេវាករ ទាំងឡាយណាមិនបានអនុវត្តទៅតាមការជូនដំណឹង ខាងលើ រដ្ឋបាលខេត្តស្វាយរៀង នឹងអនុវត្តតាមនីតិវិធីរដ្ឋបាល ដោយមានការផាកពិន័យ រុះរើ ឬ ផ្អាកជាបណ្តោះអាសន្ន ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកទូរស័ព្ទលេខ ០១០ ៥០៧ ៥៥១/០៦៩ ២០៣ ៥៥៨ ។
អាស្រ័យហេតុនេះ សូម ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាប និងចូលរួមសហការអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់ និងទាន់ពេលវេលាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ សូមអរគុណ
No comments:
Post a Comment