ខេត្តមណ្ឌលគីរី៖
ដោយទទួលបានការណែនាំឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងឯកឧត្ដមឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកកោះញែក របស់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តមណ្ឌលគីរី និងមន្ទីរពេទ្យបង្អែកបរកែវ ររបស់រដ្ឋបាលខេត្តរតនគីរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥។
ក្នុងឱកាសបំពេញបេសកកម្មនេះ ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា ឯកឧត្ដមសាស្ត្រាចារ្យរដ្ឋមន្ត្រី ជូនដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ និងសម្តែងនូវការកោតសរសើរ ដល់ការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកសុខាភិបាលនៃរដ្ឋបាលខេត្តទាំង២ ដែលបានលះបង់ខ្ពស់ក្នុងការងារបំរើសេវាសុខាភិបាល ជូនប្រជាពលរដ្ឋទទួលបានលទ្ធផលល្អប្រសើរ និងព្រមទាំងណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ ផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ប្រសិទ្ធភាព ជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល មិនត្រូវរើសអើងអ្នកជំងឺណាម្នាក់ ជាពិសេសអ្នកជំងឺក្រីក្រ អ្នកជំងឺ ប.ស.ស។
ឯកឧត្ដមបណ្ឌិតបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកក្នុងមួយឆ្នាំចុះ២ដង នេះជាលើកទី៤ហើយ ដែលបានចុះមកខេត្តមណ្ឌលគីរី និងខេត្តរតនគីរី។ ឯកឧត្ដមបណ្ឌិតបានកោតសរសើរអំពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យលើកទី១ កាលពីឆមាសទី២ ឆ្នាំ២០២៣។
ឯកឧត្ដមបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីតែងតែគិតគូពីសុខភាព និងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ នៅក្នុងនោះ មុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។
ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ ឯកឧត្ដមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព៕
No comments:
Post a Comment