លោកផាង ជីវ័ន្ដ អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រា និងលោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងអាជ្ញាធរឃុំទ្រាអញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំទ្រាទៅជូនដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន ២៦គ្រួសារកាលពីរសៀលថ្ងៃទី ១៤ខែមសាឆ្នាំ ២០២៥។
ក្នុងឱកាសនោះដែរលោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមប្រធានក្រុមការងារដែលលោកតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខសុខុមាលភាពប្រជាពលរដ្ឋនៅក្នុងស្រុកស្ទោងក៏ដូចជាក្នុងឃុំទ្រាទាំងមូលជាពិសេសបងប្អូនដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់នៃឱកាសនេះ ថ្វីដ្បិតតែអំណោយនៅពេលនេះមានសភាពតិចតួចក្តីប៉ុន្តែបានបង្ហាញឲ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់ឯកឧត្តមប្រធានដែលតែងតែបានចុះជួបជួយសង្គ្រោះបងប្អូនបានទាន់ពេលវេលា។
ជាមួយគ្នាលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងស្រុកខ្ទង់ទាំងមូលសូមមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀងផ្គរខ្យល់កន្ត្រាក់ឲ្យបានខ្ពស់បំផុតពីព្រោះប៉ុន្មានថ្ងៃចុងក្រោយនេះនឹងមានបាតុភូតភ្លៀងជាបន្តបន្ទាប់នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកនិងឧតុនិយម។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគ និងថវិការបស់ឯកឧត្តមរដ្ឋមន្ត្រី សរុបថវិកាចំនួន ៤ ៧០០ ០០០រៀល ដើម្បីជួយសម្រួលការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ដែលរួមមាន៖ ១)អង្ករ ៥០គីឡូក្រាម ២)មី ២កេស ៣)ត្រីខ ២យួរ ៤)ទឹកត្រី ២យួរ ៥)ទឹកស៊ីអ៊ីវ ២យួរ ៦)អំបិល ៥កញ្ចប់ ៧)ប៊ីចេង ២កញ្ចប់ ៨)ទឹកសុទ្ធ ១០យួរ ៩)តង់មួយ ១០)ធុងទឹក និងចានដែកមួយ។ ទន្ទឹមនឹងនេះ ប្រជាជនចំនួន ២៥ខ្នងផ្ទះ ក្នុងមួយផ្ទះទទួលថវិកាចំនួន ១៥ម៉ឺនរៀល ចំណែកផ្ទះបងប្អូនមួយខ្នងដែលត្រូវបានខ្យល់កន្រ្តាក់ដួលរលំទាំងស្រុងទទួលបានថវិកា ២០ម៉ឺនរៀល៕
No comments:
Post a Comment