..
ខេត្តកំពត(ស្រុកអង្គរជ័យ)៖ នាថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម ហ៊ុន សុខា ទីប្រឹក្សារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអបអរសាទរ សង្ក្រាន្តឆ្នាំថ្មីរបស់វិទ្យាល័យវត្តអង្គរជ័យ ស្ថិតនៅឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដោយមានការចូលរួមពី លោកជំទាវ អ៊ូច ពៅ, ឯកឧត្តម ហុង ភាព, ឯកឧត្តម ប៊ុន ច័ន្ទថុល គណៈប្រតិភូអមដំណើរជាច្រើនរូបទៀត និង លោក មួង នឿន អភិបាល នៃគណៈអភិបាលស្រុកអង្គរជ័យ អាជ្ញាធរស្រុក កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស អាណាព្យាបាលសិស្ស សរុបចំនួន ១០៤៧នាក់។
ជាកិច្ចចាប់ផ្តើម លោក អៀម ប្រឹម នាយកសាលាវិទ្យាល័យវត្តអង្គរជ័យ បានឡើងអានរបាយការណ៍ស្វាគមន៍គណៈអធិបតី និង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងអង្គពិធីទាំងមូល ព្រមទាំងអានអំពីប្រវត្តិរបស់វិទ្យាល័យវត្តអង្គរជ័យ តាំងពីចាប់ផ្តើម រហូតមកដល់បច្ចុប្បន្ននេះ។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម ហ៊ុន សុខា បានមានប្រសាសន៍សំណេះសំណាលដល់អង្គពិធីទាំងមូល និងណែនាំនូវចំណុចមួយចំនួន ដែលអាចឱ្យមាននូវការបង្កើតសាលានេះបាន គឺសន្តិភាព ប្រសិនជាគ្មានសន្តិភាព នោះសិស្សានុសិស្សទាំងអស់មិនអាចមកចូលសាលាសិក្សាបាននោះឡើយ ដោយលើកឧទាហរណ៍នៅសម័យប៉ុលពត ទោះបីជាចេះអក្សរក៏មិនហ៊ាននឹងប្រាប់គេថាចេះដែរ ហើយជំនាន់នោះគឺគ្មានការសិក្សារៀនសូត្រនោះឡើយ ក៏ព្រោះតែគ្មានសន្តិភាពដូចការដឹកនាំប្រកបដោយភាពវៃឆ្លាត និងប៉ិនប្រសប់របស់ថ្នាក់ដឹកនាំ បាននាំមកនូវការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យអប់រំផងដែរ។ ឯកឧត្តមបានបន្ថែមថា នៅក្នុងខេត្តកំពត ជាពិសេសគឺស្រុកអង្គរជ័យ ឯកឧត្តម ប៉ែន ស៊ីម៉ន អ្នកតំណាងរាស្ត្រមណ្ឌលកំពត ឯកឧត្តមបានកសាងនូវសមិទ្ធិផលជាច្រើនដែលជាទីមោទនសម្រាប់អ្នកកំពត និងប្រជាពលរដ្ឋទូទាំងខេត្តកំពត តែទោះជាយ៉ាងណា ឯកឧត្តម ហ៊ុន សុខា លោកនឹងខិតខំស្វះស្វែងរកជំនួយពីមជ្ឈដ្ឋាននានា ដើម្បីរួមចំណែកជាមួយថ្នាក់ដឹកនាំ ក្នុងការបម្រើសង្គមជាតិ មាតុភូមិ ។
ជាចុងបញ្ចប់ ឯកឧត្តមបានផ្តាំផ្ញើរទៅសិស្សានុសិស្សទាំងអស់ ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីជាសសរទ្រូងរបស់ប្រទេសជាតិ គឺដឹកនាំ និងទទួលការងារបន្តឱ្យកម្ពុជាទៅជាប្រទេសអ្នកមាននៅឆ្នាំ២០៥០ តាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញ និងមានគោលដៅយ៉ាងច្បាស់លាស់។
No comments:
Post a Comment