នាព្រឹកថ្ងៃចន្ទ៣កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ ស័ប្តស័កព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តស្វាយរៀង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីតំណាងឯកឧត្តមប្រធានសាលាដំបូងខេត្ត តំណាងឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការអរគុណចំពោះកងកម្លាំង និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ដែលបានយកចិត្តសហការការការពារសន្តិសុខសណ្តាប់បានល្អជូនប្រជាពលរដ្ឋនៅក្នុងខេត្ត ក្នុងនោះឯកឧត្តមក៏បានថ្លែងអំពីស្ថានភាពនៃបញ្ហាព្រំដែន កម្ពុជា-ថៃ និងបញ្ហាប្រជាពលរដ្ឋដែលបានវិលត្រលប់មកប្រទេសកម្ពុជាយើងវិញ ក៏ដូចជាពលករដែលមានស្រុកកំណើតនៅខេត្តស្វាយរៀង។
ឯកឧត្តមអភិបាលខេត្តបានដាក់ចេញនូវទិសដៅសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១.រដ្ឋបាលខេត្តបានរៀបចំក្រុមការងារ និងរថយន្តទៅទទួលបងប្អូនប្រជាពលរដ្ឋដែលវិលត្រឡប់មកពីប្រទេសថៃនៅព្រំដែន ដូច្នេះរដ្ឋបាលក្រុង/ស្រុកត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់គ្រាន់ក្នុងការទទួល និងសហការជាមួយមន្ទីរការងារដើម្បីចុះឈ្មោះស្វែងរកការងារធ្វើផ្តល់ជូនពួកគាត់។
២.រដ្ឋបាលក្រុង/ស្រុកទាំង៨ ត្រូវជម្រុញណែនាំដល់អាជ្ញាធរមូលដ្ឋានឃុំសង្កាត់ និងប្រជាពលរដ្ឋលើកទង់ជាតិឱ្យបានស្រុះគ្នានៅមុខកន្លែងធ្វើការ មុខផ្ទះ ឬនៅតាមដងផ្លូវជាដើម។
៣.រដ្ឋបាលក្រុង/ស្រុកត្រូវរៀបចំអ្នកប្រចាំការក្នុងការទទួលស្បៀងដែលប្រជាពលរដ្ឋឧបត្តម្ភដើម្បីផ្តល់ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលបណ្តាលមកពីការឈ្លានពានទឹកដីពីសំណាក់ភាគីសៀម។
៤.មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋានត្រូវពិនិត្យដោះស្រាយតាមដានការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋនៅរដូវវស្សានេះ។
៥. បន្តការយកចិត្តទុកដាក់លើការងារពង្រឹងបញ្ហា ភូមិ ឃុំ មានសុវត្ថិភាព ក៏ដូចជារក្សានូវសន្តិសុខ សណ្តាប់ធ្នាប់នៅក្នុងខេត្តឱ្យបានល្អជូនប្រជាពលរដ្ឋ។
៦.ពង្រឹងការទប់ស្កាត់ការជួញដូរចែកចាយ និងប្រើប្រាស់គ្រឿងញៀននៅតាមមូលដ្ឋានឲ្យបានម៉ឺងម៉ាត់។
៧.បន្តការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក និងរឹតបន្តឹងការអនុវត្តច្បាប់ ជាពិសេសជំរុញការពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។
៨.អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវខិតខំយកចិត្តទុកដាក់ដោះស្រាយនូវសំណើរសំណូមពរ និងបញ្ហាផ្សេង ៗរបស់ប្រជាពលរដ្ឋ។
No comments:
Post a Comment