លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ តែសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួន - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

លោក ភូ លិ អភិបាលរងខេត្តកែប ស្រវឹងស្រាបៀតបៀនប្រពន្ធគេ និងគប់ស្ត្រីម្នាក់បែកក្បាល ១៦ថ្នេរ តែសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួន

 



កែប៖ សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា លោក ភូ លិ អភិបាលរងខេត្តកែប បានបៀតបៀនលើស្រីម្នាក់ជាប្រពន្ធគេ និងប្រើអំពើហិង្សាលើស្ត្រីម្នាក់ទៀតដោយគប់នឹងកែវស្រាបណ្ដាលឱ្យបែកក្បាលចំនួន ១៦ថ្នេរ នៅក្នុងពិធីជប់លៀងឡើងដំណែងប្រធានមន្ទីរបរិស្ថានថ្មី ខេត្តកែប កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ តែមកទល់នឹងពេលនេះសមត្ថកិច្ចមិនហ៊ានឃាត់ខ្លួនខនបង្កនៅឡើយទេ។


បើតាមសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា ស្ត្រីរងគ្រោះបែកក្បាលមានឈ្មោះ ខូវ ហ៊ុយឡាំង បានរងរបួសបែកក្បាលផ្នែកក្រោមចិញ្ចើម លើត្របកភ្នែកខាងស្ដាំ ដេរចំនួន ១៦ថ្នេរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងស្ត្រីដែលត្រូវរងការបៀតបៀនមានឈ្មោះ ទ.ម.រ ។

ប្រភពបញ្ជាក់ថា នៅមុនពេលកើតហេតុជនរងគ្រោះ និងបងប្អូន បានទៅចូលរួមពិធីជប់លៀងឡើងដំណែងរបស់លោក អ៊ិន សៅ ប្រធានមន្ទីរបរិស្ថានខេត្តកែបថ្មី នៅចំណុចទល់មុខព្រះរាជដំណាក់យានី ស្ថិតនៅភូមិកែប សង្កាត់កែប ក្រុងកែប។ ពេលជនរងគ្រោះ និងបងប្អូន បានហូបអាហាររួមតុជាមួយក្រុមគ្រួសាររបស់លោក អ៊ិន សៅ ស្រាប់តែមួយសន្ទុះក្រោយមក ក៏លេចមុខលោក ភូ លិ អភិបាលរងខេត្តកែប ដែលអង្គុយនៅតុផ្សេង បានដើរមកតុរបស់ជនរងគ្រោះ ក្នុងស្ថានភាពស្រវឹងស្រា និងបានថើបក្បាលឈ្មោះ ទ.ម.រ ដែលត្រូវជាសាច់ញាតិរបស់ជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង (អ្នកបែកក្បាល) ក្នុងបំណងបៀតបៀន។

ភ្លាមៗនោះ ឈ្មោះ ទ.ម.រ បាននិយាយជាមួយលោក ភូ លិ ថា៖ “លោកធ្វើចឹងមិនសមទេ! ខ្ញុំមានប្ដីហើយ កុំធ្វើចឹងមិនត្រឹមត្រូវទេ!”។
ពេលនោះ លោក ភូ លិ ក៏បានដើរចេញទៅតុរបស់លោកវិញមួយភ្លែត ស្រាប់តែដើរត្រលប់មកម្ដងទៀត ទើបជនរងគ្រោះ ឈ្មោះ ខូវ ហ៊ុយឡាំង និងបងប្អូន ព្រមទាំងឈ្មោះ ទ.ម.រ ផង បានក្រោកដើរចេញពីតុអាហារបម្រុងត្រលប់ទៅផ្ទះ ស្រាប់តែលោក ភូ លិ យកកែវស្រាគប់លើឈ្មោះ ខូវ ហ៊ុយឡាំង បែកក្បាល ឈាមស្រោចខ្លួន និងត្រូវសាច់ញាតិដឹកយកទៅមន្ទីរពេទ្យដេរចំនួន ១៦ថ្នេរ។

ប្រភពបាន ឱ្យដឹងទៀតថា បន្ទាប់ពីធ្វើសកម្មភាពរួចយ៉ាងជាក់ស្ដែងយ៉ាងណាក៏ដោយ ក៏សមត្ថកិច្ចនៅកន្លែងកើតហេតុ មិនបានឃាត់ខ្លួនលោក ភូ លិ ភ្លាមៗឡើយព្រោះលោកជាអភិបាលរងខេត្តកែប ដូច្នេះគ្មានអ្នកណាហ៊ានប៉ះនោះទេ។

ជុំវិញការបង្កហិង្សាលើស្ត្រី ពីសំណាក់លោក ភូ លិ អភិបាលរងខេត្តកែបនេះ លោក ខាន់ សុផល ព្រះរាជអាជ្ញានៃអយ្យការអមសាលដំបូងខេត្តកែប បានប្រាប់អ្នកសារព័ត៌មានថា មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ នគរបាលយុត្តិធម៌មិនបានឃាត់ខ្លួនលោក ភូ លិ នៅឡើយទេ។ លោកបញ្ជាក់ថា៖ “ខ្ញុំបានដឹងរឿងនេះហើយ។ រឿងនេះកំពុងស្ថិតនៅក្នុងចំណាត់ការរបស់មន្ត្រីនគរបាលយុត្តិធម៌នៅឡើយ។ នគរបាលយុត្តិធម៌គេកំពុងមានចំណាត់ការ”។

ក្នុងរឿងនេះមិនមែនតែជនរងគ្រោះឈ្មោះ ខូវ ហ៊ុយឡាំង ដែលបែកក្បាលនោះទេ គឺមានជនរងគ្រោះឈ្មោះ ទ.ម.រ ដែលរងការបៀតបៀនម្នាក់ទៀត ដែលបានដាក់ពាក្យប្ដឹងលោក ភូ លិ អភិបាលរងខេត្តកែប ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចជួយរកយុត្តិធម៌។

គួររម្លឹកថា កាលពីកន្លងទៅក៏ធ្លាប់មានព្រឹត្តិការណ៍ បុរសៗមានបុណ្យស័ក្តិ អំណាច និងលុយ ប្រើប្រាស់ហិង្សាលើស្ត្រី រួមមានលោកឧកញ៉ា សុខ ប៊ុន បានវាយតារាស្រីឈ្មោះ សា សា និងលោកឧកញ៉ា ហេង សៀ បានប្រើហិង្សាលើតារាស្រីឈ្មោះ មាន ពេជ្ររីតា រហូតនាងទ្រាំមិនបានក៏ចាក់២កាំបិតតបវិញ។ គ្រានោះ ដោយមានការយកចិត្តទុកដាក់ជួយស្វែងរកយុត្តិធម៌ពីសំណាក់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទើបស្ត្រីរងគ្រោះទទួលបានយុត្តិធម៌ ហើយជនល្មើសត្រូវទទួលទោសតាមផ្លូវច្បាប់។

ក្នុងករណី ហិង្សា និងបៀតបៀនលើស្ត្រី ដែលបង្កឡើងដោយលោក ភូ លិ អភិបាលរងខេត្តកែបនេះ ក្រុមគ្រួសារ និងជនរងគ្រោះ ព្រមទាំងមហាជនទូទៅ ក៏សូមសំណូមពរដល់សម្តេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះ និងចាត់វិធានការលើជនល្មើសទៅតាមផ្លូវច្បាប់ឱ្យសាកសមនឹងទង្វើដែលជនល្មើសបានប្រព្រឹត្ត៕








No comments:

Post a Comment

Pages