គួរបញ្ជាក់ឱ្យដឹងថា យុទ្ធនាការនៅក្នុងដំណាក់កាលទី១ ដែលតម្រង់ទិសទៅកាន់៦ខេត្ត រួមមាន៖ ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តមណ្ឌលគីរី ខេត្តកំពង់ឆ្នាំង និងខេត្តរតនគិរី បានបិទបញ្ចប់យ៉ាងជោគជ័យ។ ចំណែក យុទ្ធនាការអន្ទាក់សូន្យ ដំណាក់កាលទី២ នឹងតម្រង់ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ខេត្តកំពង់ស្ពឺ ខេត្តកោះកុង ខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តសៀមរាប នៅក្នុងបុព្វហេតុ ដើម្បីបរិស្ថាន ធនធានធម្មជាតិ សត្វព្រៃ និងជីវៈចម្រុះគ្រប់ប្រភេទនៅកម្ពុជា។
តាមរយៈយុទ្ធនាការនេះ នឹងរំពឹងថា បរិមាណអន្ទាក់នឹងត្រូវថយចុះនៅក្នុងតំបន់ការពារធម្មជាតិ ហើយអ្នកដែលនិយមបរិភោគសាច់សត្វព្រៃ នឹងបញ្ឈប់ការបរិភោគ ហើយភោជនីយដ្ឋានកាន់តែច្រើនឡើងនឹងចូលរួម ហើយប្រកាសថា ជាភោជនីយដ្ឋានដែលមិនលក់មុខម្ហូបធ្វើពីសាច់សត្វព្រៃ និងសាធារណជនកាន់តែច្រើននឹងប្តេជ្ញាមិនបរិភោគសាច់សត្វព្រៃថែមទៀត។ ជាក់ស្តែងក្នុងយុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី១ ក្នុងចំនួន៦ខេត្ត មានភោជនីយដ្ឋាន សរុបចំនួន៥២ បានប្រកាសមិនលក់សាច់សត្វព្រៃ និងដំណាក់កាលទី២ នៅខេត្តពោធិ៍សាត់និងខេត្តកំពង់ស្ពឺ មានភោជនីយដ្ឋាន សរុបចំនួន២៦ បានប្រកាសជំហរមិនលក់សាច់សត្វព្រៃផងដែរ។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន និងអង្គការដៃគូនៃយុទ្ធនាការ បានបង្កើតជា QR Code សម្រាប់សាធារណជនទូទៅអាចស្កេនចូលទៅបំពេញដើម្បីធ្វើការប្តេជ្ញាចិត្តបញ្ឈប់ការបរិភោគនិងការជួយដូរសត្វព្រៃជាមួយប្រជាជនដទៃទៀត ហើយបន្ទាប់ពីបង្កើតរួចជាង៣ខែមកនេះ មានប្រជាពលរដ្ឋជាង៤ពាន់នាក់ បានស្កេនចូលទៅបំពេញជាលាយលក្ខណ៍អក្សរដើម្បីបង្ហាញពីការសន្យា និងប្តេជ្ញាចិត្តរបស់ខ្លួនមិនបរិភោគសត្វព្រៃ។
តាមរយៈយុទ្ធនាការនេះដែរ ភាគីពាក់ព័ន្ធ និងដៃគូទាំងអស់ បានបង្ហាញឆន្ទៈរួមគ្នា ធ្វើការរួមគ្នា ដោយឈរនៅលើមូលដ្ឋាននូវការស្វែងរកដំណោះស្រាយរួមគ្នា ចំពោះកត្តាប្រឈម និងការគំរាមកំហែងនានាចំពោះសត្វព្រៃ និងធនធានធម្មជាតិ ដែលកំពុងតែកើតមានសំដៅសម្រេចបាននូវគោលបំណងរួមតែមួយ គឺការឈានទៅលុបបំបាត់ការប្រើអន្ទាក់គ្រប់ប្រភេទនៅក្នុងតំបន់ការពារធម្មជាតិ និងបញ្ឈប់ការជួយដូរសត្វព្រៃដែលហាមឃាត់ដោយច្បាប់៕
No comments:
Post a Comment