អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

អបអរ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ពោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ

 



ពិធីអបអរសាទរខួបលើកទី៧៤ «ទិវាកុមារអន្តរជាតិ ១ មិថុនា ឆ្នាំ២០២៣ និងសម្ភោធសមិទ្ធផលនានា» ក្នុងសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានប្រព្រឹត្តទៅក្រោម អធិបតីភាព លោកជំទាវ ឌិត នីតា សាយ សំអាល់, ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាននិងជាប្រធានក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ, លោកជំទាវ ថៃ វិឡាល័យ ឌិត ទីណា, លោកជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោកជំទាវ អ៊ូ ធីតាពៅ គួច ចំរើន ព្រមទាំងថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ និងក្មួយៗសិស្សានុសិស្សជាច្រើននាក់ នៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣ នាសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ។

នាឱកាសនោះ លោកជំទាវ ឌិត នីតា បានរម្លឹកពីសាវតារនៃសាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ក្នុងឆ្នាំ២០២០ មានស្ថានភាពខុសពីបច្បុប្បន្ន ដោយមិនទាន់មានសមិទ្ធផលនានាដូចថ្ងៃនេះទេ ប៉ុន្តែក្រោមការគិតគូរ និងឧបត្ថមគាំទ្រខ្ពស់ពីសំណាក់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានធ្វើឱ្យសាលានេះប្រែមុខមាត់ថ្មី ជាមួយសមិទ្ធផលនានា កំណើនសិស្ស បរិស្ថានសាលាល្អ ហើយនាពេលថ្មីៗនេះ សាលាទទួលបានជ័យលាភីជាបន្តបន្ទាប់ រួមមាន «ជ័យលាភីសាលាមេត្រីបរិស្ថាន ឆ្នាំ២០២២» និង «ជ័យលាភីសាលារៀនស្អាត» សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ចំណាត់ថ្នាក់លេខ៣ ទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ បានចាត់ទុកថា មត្តេយ្យសាលាដើរតួនាទីយ៉ាងសំខាន់ក្នុងការបណ្ដុះបណ្ដាលកុមារឱ្យលូតលាស់ លើផ្នែករាងកាយ ចំណេះដឹង បញ្ញា ស្មារតី ស្របតាមគោលនយោបាយនិងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ចាប់តាំងពីវ័យកុមារ រហូតដល់មនុស្សពេញវ័យ។

ជាមួយគ្នានេះ លោកជំទាវ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំសាលា ដែលបានខិតខំបំពេញការងារយ៉ាងល្អ ដើម្បីការរីកចម្រើនរបស់សាលា សម្រាប់ជាថ្នាលបណ្ដុះបណ្ដាលកុមារក្នុងក្រុងព្រះសីហនុ។ លោកជំទាវ ក៏បានថ្លែងអំណរគុណដល់ក្រុមការងារវិស័យអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុ ដែលមានឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន ជាប្រធាន បានដឹកនាំការងារទាំងឡាយប្រែក្លាយសាលាឱ្យរីកចម្រើនដូចសព្វថ្ងៃនេះ។ លោកជំទាវ ក៏បានយកឱកាសនេះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជននានា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការកសាងនូវសមិទ្ធផលទាំងឡាយនៅក្នុងសាលា ដើម្បីជាឧត្តមប្រយោជន៍ដល់ការសិក្សារៀនសូត្រនិងការលូតលាស់របស់កុមារដែលជាក្តីសង្ឃឹម និងអនាគតរបស់ប្រទេសជាតិ។

គួរបញ្ជាក់ថា សាលាមត្តេយ្យធនធានក្រុងព្រះសីហនុ ត្រូវបានបង្កើតឡើង ក្នុងឆ្នាំ១៩៨៧។ សមិទ្ធផលនានា លេចចេញជារូបរាងឡើង ក្រោមការឧបត្ថមដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោកជំទាវ ឌិត នីតា សាយ សំអាល់ និងក្រោមគំនិតផ្តួចផ្តើមគាំទ្ររបស់ ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងបរិស្ថាន រួមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសប្បុរសជននានា។ សមិទ្ធផលទាំងអស់នេះ បានធ្វើឱ្យសាលាមត្តេយធនធានក្រុងព្រះសីហនុ មានការរីចម្រើន ក្នុងនោះចំនួនសិស្សបានកើនឡើងជាង៣ដង ពីជាង២០០នាក់ ទៅ ៧២៨នាក់ និងទទួលបានជ័យលាភីជាបន្តបន្ទាប់៕









No comments:

Post a Comment

Pages