វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ»

 


វេទិកាស្ដីពី «ការការពារ និងអភិរក្សធនធានធម្មជាតិ» ក្រោមប្រធានបទ «ការរៀបចំសហគមន៍តំបន់ការពារធម្មជាតិនៅតំបន់អារ៉ែង» និង «ពង្រឹងសេវាកម្ម និងផលិតផលសហគមន៍ ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង» ត្រូវបានប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ឯកឧត្តម ហ៊ូ ស្រ៊ី ប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា និងវត្តមានឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើននាក់ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៣ នាទីស្ដីការក្រសួងបរិស្ថាន។
ថ្លែងនាឱកាសនោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានចាត់ទុកថាតំបន់ការពារធម្មជាតិ គឺជាសរសរកន្លោងទ្រទ្រង់សហគមន៍។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមទៀតនូវទស្សនៈវិស័យសំខាន់ៗនិងពីសារៈសំខាន់នៃការបង្កើតតំសហគមន៍តំបន់ការពារធម្មជាតិ នៅតាមតំបន់ការពារធម្មជាតិក្នុងប្រទេសកម្ពុជា គឺដើម្បីចូលរួមអភិរក្សជីវៈចម្រុះដែលនៅសល់ឱ្យបានគង់វង្ស។ ការរក្សាឱ្យបានគង់វង្សនូវធនធានជីវៈចម្រុះ គឺជាការរក្សាជីវិតលើផែនដី រក្សាលំនឹងនិងសេវាកម្មប្រព័ន្ធអេកូឡូស៊ី លើកកម្ពស់ទេសចរណ៍ធម្មជាតិ ដែលទាំងនេះសម្រេចទៅបានស្របគ្នានឹងការលើកម្ពស់ជីវភាពសហគមន៍មូលដ្ឋានឱ្យកាន់តែប្រសើរ។ ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីភាពចាំបាច់ក្នុងការបង្កើតសហគមន៍ គឺដើម្បីរៀនធ្វើការជាមួយគ្នា រៀនចុះសម្រុងគ្នា មូលមតិគ្នា ក្នុងការពារធនធានធម្មជាតិនិងដកហូតផលអនុផលព្រៃឈើដោយរបៀបណា ដើម្បីរក្សាបាននូវនិរន្តរភាពបរិស្ថាន។
ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តល់អនុសាសន៍គន្លឹះៗដល់សហគមន៍ គឺត្រូវក្ដាប់ឱ្យបានពីគោលបំណងរបស់ក្រសួងបរិស្ថាន ក្នុងការបង្កើតសហគមន៍តំបន់ការពារធម្មជាតិ គឺដើម្បី៖ បង្កើតភាពស្របច្បាប់ក្នុងការចងក្រងជាសហគមន៍ បំពេញនូវសេចក្ដីត្រូវការ(ទឹក ផ្លូវ ភ្លើង សាលារៀន មន្ទីរពេទ្យ) លើកកម្ពស់ជីវភាព(លំនៅដ្ឋាន ម្ហូបអាហារ ប្រាក់ចំណូលសមរម្យ) លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន (នៅមូលដ្ឋានមានអ្វីខ្លះ យកចិត្តទុកដាក់លើការនាំចេញនៅហ្នឹងកន្លែង) និងលើកកម្ពស់ទេសចរណ៍ផ្សាភ្ជាប់ទឹកដី(ផ្តល់ជូនភ្ញៀវទេសចរណ៍នូវ អាហារក្នុងតំបន់ សេវាកម្ម និងផលិតផល កន្លែងស្នាក់នៅ បន្ទប់ទឹកស្អាត)។
គួរបញ្ជាក់ថា ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិ និងគម្រោងអភិវឌ្ឍន៍ពាក់ព័ន្ធ គឺជាយុទ្ធសាស្រ្តក្រវ៉ាត់បៃតង ដើម្បីការពារតំបន់ស្នូល និងតំបន់អភិរក្ស នៃតំបន់ការពារធម្មជាតិ និងការកែច្នៃសក្ដានុពលធនធានធម្មជាតិ សំដៅលើកកម្ពស់សេដ្ឋកិច្ចជាតិនិងមូលដ្ឋានប្រកបដោយចីរភាព ជាពិសេសធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍនិងការអភិរក្ស និងការលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន។ តំបន់ស្ទឹងអារ៉ែង ដែលត្រូវបង្កើតជាសហគមន៍តំបន់ការពារធម្មជាតិ ស្ថិតក្នុងឧទ្យានជាតិជួរភ្នំក្រវាញ សម្បូរទៅដោយសក្ដានុពលធម្មជាតិទាក់ទាញ រួមមាន ទឹកជ្រោះ ទឹកធ្លាក់ ដងអូរ ព្រៃស្រោង សត្វព្រៃកម្រៗដូចជាដំរី ស្វា ក្រពើភ្នំ និងត្រីនាគជាដើម។ ក្រៅពីភាពទាក់ទាញនៃធម្មជាតិ នៅតំបន់អារ៉ែង រួមមាន រូងភ្នំបុរាណ ផ្នូរសព្វបុរាណ ក្រឡបុរាណ និងតំបន់ទាក់ទាញសកម្មភាពទេសចរណ៍ផ្សេងៗទៀត ដូចជា កន្លែងជិះកង់ ជិះរទេះគោ ហែលទឹក ឡើងភ្នំ មើលសត្វស្លាប បោះជំរុំ អុំទូកកាយ៉ាក ព្រមទាំងតំបំបន់ទេសភាពធម្មជាតិទាក់ទាញផ្សេងៗទៀតប្រមាណ៦០កន្លែង។










No comments:

Post a Comment

Pages