នាយឧត្តមសេនីយ៍ ស ថេត ជំរុញនាយកដ្ឋាន-អង្គភាព ចំណុះនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវពង្រឹងសមត្ថភាពសំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

នាយឧត្តមសេនីយ៍ ស ថេត ជំរុញនាយកដ្ឋាន-អង្គភាព ចំណុះនាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ ត្រូវពង្រឹងសមត្ថភាពសំដៅកាត់បន្ថយបទល្មើសគ្រប់ប្រភេទ



(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការងារជំនាញរបស់នាយកដ្ឋាន អង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៅទីស្តីការក្រសួងមហាផ្ទៃ។


ក្នុងកិច្ចប្រជុំនាយឧត្តមសេនីយ៍ ស ថេត បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋាន អង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដែលកន្លងមកបានខិតខំបំពេញភារកិច្ចក្នុងការរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ បានល្អជូនប្រជាពលរដ្ឋ ក៏ដូចជាសង្គមជាតិទាំងមូល ហើយក៏សូមស្នើឲ្យបន្តពង្រឹងកិច្ចការនេះ ឲ្យកាន់តែល្អប្រសើរថែមទៀត។


ដើម្បីប្រសិទ្ធភាពការងារ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានផ្តល់អនុសាសន៍គន្លឹះដល់ថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ នៃនាយកដ្ឋាន អង្គភាព ចំណុះនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ រួមមាន៖


*ទី១៖ ត្រូវពង្រឹងការងារគ្រប់គ្រងដឹកនាំមន្ត្រី ពង្រឹងរបៀបរបបបំពេញការងារ ដោយត្រូវបែងចែកប្រគល់ភារកិច្ច និងការទទួលខុសត្រូវ និងមានរបបប្រជុំត្រួតពិនិត្យឲ្យបានទៀតទាត់ ដើម្បីតម្រង់ទិសសំដៅប្រសិទ្ធភាពការងារ។ ទន្ទឹមនោះ ត្រូវពង្រឹងវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ ជាពិសេសចំពោះមន្ត្រី ដែលមានស្នាដៃត្រូវមានការកោតសរសើរ លើកទឹកចិត្ត និងជូនរង្វាន់ ផ្ទុយទៅវិញចំពោះមន្រ្តីដែលប្រព្រឹត្តខុសឆ្គង ត្រូវអនុវត្តវិន័យឲ្យបានម៉ឺងម៉ាត់ ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តវិធានការច្បាប់ដោយគ្មានការយោគយល់ និងលើកលែង។


*ទី២៖ ត្រូវលើកកម្ពស់សមត្ថិភាពជំនាញ ឲ្យស្របទៅតាមតួនាទីភារកិច្ចរបស់អង្គភាពនីមួយៗ និងបន្តគាំទ្រដល់មន្ត្រីជំនាញនៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត។


*ទី៣៖ ពិនិត្យធ្វើបច្ចុប្បន្នភាពមន្រ្តី រួមទាំងមធ្យោបាយ ឧបករណ៍ សម្ភារបច្ចេកទេស សម្រាប់បម្រើឲ្យការងារជំនាញនៅតាមអង្គភាព និងរៀបចំស្នើសុំការបំពាក់ឲ្យស្របតាមបច្ចេកវិទ្យាទំនើប។


*ទី៤៖ ត្រូវបង្កើនកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាក្នុងការកាត់បន្ថយបទល្មើសគ្រប់ប្រភេទ សំដៅធានារក្សាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។


នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ទៅលើព្រឹត្តិការណ៍សំខាន់ៗ សម្រាប់ខែវិច្ឆិកា ខាងមុខនេះ រួមមាន៖ បុណ្យឯករាជ្យជាតិ បុណ្យអុំទូក ដែលត្រូវឲ្យគ្រប់នាយកដ្ឋានអង្គភាពទាំងអស់ បង្កើននូវវិធានការនានា ដើម្បីរួមចំណែកក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ឲ្យព្រឹត្តិការណ៍ទាំងអស់នោះ ដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ៕




No comments:

Post a Comment

Pages