ប្រធានរដ្ឋសភាម៉ាឡេស៊ី លើកឡើងបែបនេះ ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងពេលសម្តេចធិបតីអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសម៉ាឡេស៊ី។
ក្នុងជំនួបនោះលោកប្រធានរដ្ឋសភា បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការជាលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រី របស់សម្តេចធិបតី និងគណៈប្រតិភូ នៅក្នុងប្រទេសម៉ាឡេស៊ី និងបានផ្តាំផ្ញើការសួរសុខទុក្ខជូនសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់។
បន្ថែមពីលើនេះ លោកប្រធានរដ្ឋសភា ក៏បានរំលឹកអំពីទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលកន្លងមក ដោយលោកបានកត់សម្គាល់ពីការអភិវឌ្ឍយ៉ាងឆាប់រហ័សរបស់កម្ពុជា។ ជាមួយគ្នានោះ លោកប្រធានរដ្ឋសភា បានចាត់ទុកសម្តេចធិបតី ជាជើងឯកជ័យលាភីនៃយុវជនជំនាន់ថ្មីរបស់កម្ពុជា។ ដោយឃើញបែបនេះលោកប្រធានរដ្ឋសភា តែងតែជំរុញសមាជិកសភាវ័យក្មេងរបស់ម៉ាឡេស៊ីឱ្យបំពេញទស្សនកិច្ច និងដកស្រង់បទពិសោធន៍នៅកម្ពុជាផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់ភាគីម៉ាឡេស៊ី ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅម៉ាឡេស៊ី។ សម្តេចធិបតី បានជម្រាបជូនអំពីលទ្ធផលនៃកិច្ចជំនួបពិភាក្សាទ្វេភាជាមួយលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដោយភាគីទាំងពីរបានប្តេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន រួមមាន៖ វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ ការអប់រំ ការបណ្តុះបណ្តាល វិស័យសន្តិសុខ និងការពារជាតិ។
សម្តេចធិបតី ក៏បានថ្លែងអំណរគុណប្រទេសម៉ាឡេស៊ី ដែលបានផ្ដល់ការគាំទ្រ និងការចូលរួមក្នុងវិស័យផ្សេងៗ រួមទាំងការផ្តល់អាហារូបករណ៍ផងដែរ។ សម្តេចធិបតី ក៏បានថ្លែងអំណរគុណលោកប្រធានរដ្ឋសភា ដែលបានចូលរួមសង្កេតការណ៍បោះឆ្នោតជ្រេីសរេីសតំណាងរាស្រ្តនីតិកាលទី៧ កាលពីខែកក្កដា ឆ្នាំ២០២៣ ព្រមទាំងបានជម្រាបជូនពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នៅកម្ពុជាផងដែរ៕
No comments:
Post a Comment