«ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ ដោយក្នុងចំណោមអ្នកចូលរួមឆ្លើយក្នុងការស្ទង់មតិសរុបចំនួន ៣៤១នាក់ មានមនុស្សចំនួន ៧៩,៨% បានឆ្លើយថាសេរីភាពសារព័ត៌មាននៅកម្ពុជាមានភាពល្អប្រសើរ»
នេះជារបាយការណ៍ដែលបានលើកបង្ហាញដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មាន ដើម្បីផ្សព្វផ្សាយ« របាយការណ៍ស្តីពីស្ថានភាពសារព័ត៌មាននៅកម្ពុជា » ដែលបានធ្វើឡើងនៅរសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដែលមានអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ជាច្រើនស្ថាប័នអង្គភាពចូលរួម។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានថ្លែងថា របាយការណ៍ស្តីពីសេរីភាពសារព័ត៌មាននៅកម្ពុជា, កម្ពុជាបានរៀបចំរបាយការណ៍នេះដោយខ្លួនឯង និងវាយតម្លៃដោយខ្លួនឯង ដោយបានចូលរួមពីគ្រប់ភាគី។
របាយការណ៍ដែលកម្ពុជាបានរៀបចំឡើងក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិ ទី៧នេះ ដោយផ្អែកលើទិន្នន័យដែល ក្រសួងព័ត៌មាន គ្រប់គ្រង និងការវាស់វែងពីស្ថានភាព របស់អ្នកសារព័ត៌មានដែលប្រតិបត្តិការជាក់ស្តែងនៅតាមបណ្តារាជធានីខេត្ត ក្នុងប្រទេសកម្ពុជា ដើម្បីជាមូលដ្ឋានក្នុងការវាយតម្លៃ។ របាយការណ៍នេះត្រូវបានរៀបចំឡើងដោយ ឆ្លើយតបទៅនឹងតម្រូវការចាំបាច់ក្នុងវិស័យព័ត៌មាន ស្របពេលដែលប្រទេសកម្ពុជា ក៏ដូចជា ប្រទេសផ្សេងៗទៀតក្នុងតំបន់ បានបោះជំហានចូលដល់ចំណុចរបត់នៃបរិវត្តកម្ម ឌីជីថល និងខណៈពេលដែលរាជរដ្ឋាភិបាលអាណត្តិទី៧ ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការ បញ្ចេញមតិនៅកម្ពុជា គឺ នៅក្នុងបរិការណ៍នេះហើយដែលក្រសួងព័ត៌មានបានរៀបចំរបាយការណ៍ដ៏សំខាន់នេះឡើង ក្នុងគោលបំណងផ្តល់ព័ត៌មានស្តី ពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ដើម្បីផ្តល់ជាមូលដ្ឋានស្នូលសម្រាប់ការតម្រង់ទិសលើការគ្រប់គ្រង រៀបចំផែនការ យុទ្ធសាស្ត្រ និងការអនុវត្តសកម្មភាពការងារក្នុងវិស័យសារព័ត៌មាន។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសំដែងនូវជំនឿយ៉ាងមុតមាំថា របាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា នឹងក្លាយជាឯកសារដ៏សំខាន់ មួយជាមូលដ្ឋានគ្រឹះសម្រាប់គ្រប់តួអង្គ ប្រតិបត្តិករ និងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា យកទៅប្រើប្រាស់ជាអត្ថប្រយោជន៍ដល់បេសកកម្ម និងសកម្មភាពការងាររបស់ខ្លួន ដើម្បីបន្តចូលរួមលើកតម្កើងវិស័យព័ត៌មាន កម្ពុជាឱ្យលេចត្រដែតសាកសមជាអំណាចទី៤ ដែលគាំទ្រនិងចូលរួមយ៉ាងសកម្មដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និង ថែរក្សា ការពារសុខសន្តិភាពនៅកម្ពុជា និងក្នុងតំបន់ ។
ឯកឧត្តម រដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់នៅក្នុងអង្គសន្និសីទសារព័ត៌មាននេះដែរថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី ក្រសួងព័ត៌មាន បានបន្តបេសកកម្មដោយ ជំរុញការងារកំណែទម្រង់ និងពង្រឹងអភិបាលកិច្ចល្អ ដោយយកចិត្តទុកដាក់លើការធានានូវគុណភាព និងប្រសិទ្ធភាពការងារ ដើម្បីប្រែក្លាយក្រសួងព័ត៌មានជា «ស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរ សកម្ម ប្រសិទ្ធភាព និងគុណភាព» ក្រោមទស្សនៈ «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ ដើម្បីផ្សារភ្ជាប់គ្រប់មជ្ឈដ្ឋាន» និងបានដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រចំនួន ៥ រួមមាន៖ ១.ការធ្វើទំនើបកម្មស្ថាប័ននិង ការកសាងរដ្ឋបាលទំនើប, ២.ការពង្រឹងបទដ្ឋានបច្ចេកទេស និងការទទួលខុសត្រូវវិជ្ជាជីវៈ, ៣.ការអភិវឌ្ឍធនធានមនុស្ស និងបណ្តុះស្មារតីមនសិការវិជ្ជាជីវៈ, ៤.ការរៀបចំប្រព័ន្ធ និងយន្តការគ្រប់គ្រងលំហព័ត៌មាន និងសន្តិសុខព័ត៌មាន និង ទី៥.ការ បង្កើនភាពជាដៃគូប្រកបដោយបរិយាប័ន្ននិងស័ក្តិសិទ្ធភាព។
ឯកឧត្តម ក៏បានជម្រាបជូនថាដែរ ក្រសួងព័ត៌មាន ទទួលបានគោលការណ៍រួចហើយពីរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដឹកនាំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយប្រធានបទ “ និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ “ ដើម្បីបង្កើននូវសុត្ថិភាពក្នុងការប្រើប្រាស់ព័ត៌មាន ។ ជាមួយនេះក្រសួងព័ត៌មាន ក៏បានរៀបចំសណ្តាប់ធ្នាប់សារព័ត៌មានឡើងវិញ នៅក្នុងវិស័យព័ត៌មាន តាមរយៈការធ្វើបច្ចុប្បន្នភាពលើប្រពន្ធ័ផ្សព្វផ្សាយដែលមាននៅក្នុងប្រទេសកម្ពុជា ។ រហូតមកដល់ពេលនេះ ប្រទេសកម្ពុជា មានប្រពន្ធ័ផ្សព្វផ្សាយដែលទទួល និងចេញអាជ្ញាបណ្ណអោយដោយក្រសួងព័ត៌មាន ទាំងសារព័ត៌មានទំនើប និងសារព័ត៌មានប្រពៃណី មានរហូតទៅដល់ជាង ពីរពាន់ស្ថាប័ន តែចំនួននេះមិនទាន់អស់នៅឡើយនោះទេ ដោយសារប្រពន្ធ័ផ្សព្វផ្សាយអនឡាញមួយចំនួនកំពុងប្រតិបត្តិការ ដោយពុំទាន់មានច្បាប់នៅឡើយ ។
តាមរយៈនេះ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានអំពាវនាវដល់សារព័ត៌មានដែលកំពុងប្រតិបត្តិការ ដោយមិនទាន់មានច្បាប់ សូមអញ្ជើញមកក្រសួងព័ត៌មាន ធ្វើការបំពេញបែបបទ តាមនីតិវិធី ដើម្បីសុំច្បាប់បានត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាល បានផ្តល់ការលើកលែងការបង់ពន្ធប៉ាតង់រយៈពេល ៥ឆ្នាំ ពីឆ្នាំ២០២៣ ដល់ ឆ្នាំ២០២៨ ដល់ប្រពន្ធ័ផ្សព្វផ្សាយអនឡាញតូចៗ និងមានការបញ្ចុះតម្លៃ ៥០% ដល់អង្គភាពសារព័ត៌មានថ្មី ដែលបានមកធ្វើការចុះបញ្ជីត្រឹមត្រូវនៅក្រសួងព័ត៌មាន ។
ក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានធ្វើការរំលឹកឡើងវិញពីដំណើរការងាររបស់ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលា ដោយមានការចូលរួមពី ម្ចាស់អង្គភាពប្រព័ន្ធផ្សព្វផ្សាយ អង្គការសមាគម ដែលធ្វើការលើវិស័យព័ត៌មាន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ រួមទាំងថ្នាក់ដឹកនាំ មន្រ្តីជំនាញនៃក្រសួងព័ត៌មាន ប្រមាណជាង ៣០០ នាក់ ផ្តល់ធាតុចូលសំខាន់ៗជាច្រើនទាក់ទងពីវឌ្ឍនភាព បញ្ហាប្រឈម និងការវិវត្តនៃបច្ចេកវិទ្យា ឱ្យស្របនឹងបរិការណ៍ដែល ក្រសួងកំពុងរៀបចំសណ្តាប់ធ្នាប់ព័ត៌មាន ពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈ ដើម្បីឈានឆ្ពោះទៅរកការរៀបចំស្តង់ដាប្រតិបត្តិរួមសម្រាប់វិជ្ជាជីវៈសារព័ត៌មាន ៕
No comments:
Post a Comment