រាជធានីភ្នំពេញ៖ ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២៤
ឯកឧត្ដម នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន រួមនឹងក្រុមអ្នកផលិតមាតិកានិងរកប្រាក់តាមអនឡាញ (MMO) ត្រូវបញ្ឈប់សកម្មភាពផ្សព្វផ្សាយ ក៏ដូចជាចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម ជាដើម ។ នេះបើយោងតាមការបង្ហោះផ្សាយតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ឯកឧត្ដមរដ្ឋមន្ត្រី នារសៀលថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២៤ ។
យោងតាមខ្លឹមសារនៅក្នុងសំណេររបស់ ឯកឧត្ដម នេត្រ ភក្ដ្រា បានឱ្យឃើញថា នៅប៉ុន្មានថ្ងៃនេះ មានអ្នកសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តញសង្គមមួយចំនួនរួមនឹងក្រុមអ្នកផលិតមាតិកា និងរកប្រាក់តាមអនឡាញ (MMO) បានផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពឃាតកម្ម រូបភាពហិង្សានៅលើបណ្តាញសង្គមហ្វេសប៊ុក តិកតុក និងប្រព័ន្ធតេឡេក្រាម ។ ដូច្នេះឯកឧត្ដមរដ្ឋមន្ត្រី បានអំពាវនាវនិងស្នើសុំ បញ្ឈប់ការផ្សព្វផ្សាយនូវរូបភាពហិង្សាទាំងនេះ ព្រោះវាប៉ះពាល់កិត្តិយសនៃសព និងដល់ផ្លូវចិត្តនិងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែទទួលរងភាពឈឺចាប់ និងការបាត់បង់សមាជិកគ្រួសារជាទីស្រឡាញ់របស់ខ្លួន។
ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានបញ្ជាក់ថា “សកម្មភាពខាងលើ បានធ្វើឱ្យមានការប៉ះពាល់ផ្លូវចិត្តនិងអារម្មណ៍អ្នកប្រើប្រាស់បណ្តាញសង្គមផ្សេងទៀត ជាពិសេសយុវជននិងកុមារ ករណីពួកគាត់បានប្រទះឃើញរូបភាពទាំងនេះ។ ដើម្បីគោរពដល់ក្រុមគ្រួសារនៃជនរងគ្រោះនិងជនរងគ្រោះ បងប្អូនអាចចែករំលែករូបភាពដែលមិនប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងឯកជនភាពរបស់ជនរងគ្រោះ ឬធ្វើឱ្យរូបភាពនោះប្ល័រ (រូបមិនច្បាស់) មុននឹងផ្សព្វផ្សាយ និងចែករំលែក។ ធ្វើដូច្នេះ គឺគោរពក្រមសីលធម៌វិជ្ជាជីវៈផង និងគោរពកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ជនរងគ្រោះផង”។
ជាចុងក្រោយឯកឧត្ដម នេត្រ ភក្ដ្រា បានបញ្ជាក់នៅក្នុងសំណេរនេះថា ឯកឧត្ដមសង្ឃឹមនិងជឿជាក់ថាបងប្អូនអ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញសង្គម និងក្រុមអ្នកផលិតមាតិកាមួយចំនួនលើកតម្លៃខ្ពស់ក្នុងការគោរពក្រមសីលធម៌ និងអនុវត្តតាមស្តង់ដារប្រតិបត្តិនៃការផ្សព្វផ្សាយរបស់បណ្តាញសង្គម និងគោរពឯកជនភាពរបស់បុគ្គល ៕
No comments:
Post a Comment