ខេត្តក្រចេះ៖ព្រឹកថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ (កម្ពុជា-វៀតណាម) នាយកដ្ឋានច្រកទ្វារទី២ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។
សូមបញ្ជាក់ថា-ក្រសួងមហាផ្ទៃ សម្រេចផ្ទេរភារកិច្ច និងតែងតាំង លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារ័ត្ន ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ជំនួសលោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាសុី ដែលត្រូវបានទទួលភារកិច្ចថ្មី ។
លោកឧត្តមសេនីយ៍ត្រី ជុំ ប៊ុណ្ណារត្ន័ នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ដែលបានតែងតាំងមុខតំណែងថ្មី បានធ្វើការប្តេជ្ញាចិត្តថា ៖ (១)-គោរពស្មោះត្រង់ និងការពារជាតិ សាសនា ព្រះមហាក្សត្រ (២)-គោរព និងអនុវត្តតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល (៣)-បំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ រាល់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូន (៤)-ខិតខំដឹកនាំ និងអនុវត្តការងារជំនាញឱ្យបានត្រឹមត្រូវច្បាស់លាស់ ទាន់ពេលវេលា ដោយប្រកាន់យកច្បាប់អនុក្រឹត្យ លិខិតបទដ្ឋាននានា (៥)-សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ អាជ្ញាធរដែនដី ក្នុងការចុះល្បាតត្រួតពិនិត្យ និងទប់ស្កាត់រាល់បទល្មើសឆ្លងដែនគ្រប់ប្រភេទ (៦)-គោរពនិងអនុវត្តឱ្យបានល្អប្រសើរ តាមបទវិន័យនគរបាលជាតិ លេខ៨៧៣ប្រក របស់ក្រសួងមហាផ្ទៃ (៧)-គោរពវិន័យនគរបាលជាតិ រក្សានូវភាពថ្លៃថ្នូរ និងម៉ឺងម៉ាត់ក្នុងការងារ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានប្រសើរ ។
ក្នុងឱកាសនោះដែរឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ ក៏បានគូសបញ្ជាក់ឱ្យដឹងថា ៖ នៅតាមតំបន់នៃច្រកព្រំដែនអន្តរជាតិ ភាគីទាំង២(ខេត្តក្រចេះនិងខេត្តប៊ិញភឿក) សព្វថ្ងៃមានការប្រែប្រួលយ៉ាងខ្លាំងគួរកត់សម្គាល់ មានភាពអ៊ូអរមានទីប្រជុំជន មានប្រជាជនរស់នៅនិងប្រកបមុខរបប បង្កើនសេដ្ឋកិច្ចប្រចាំថ្ងៃ ហើយការនាំចេញនិងនាំចូលផលិតផល និងទំនិញលើគ្រប់វិស័យ រួមនិងវិស័យទេសចរណ៍ បានផ្លាស់ប្តូរគ្នាទៅមក ដែលជួយធ្វើឱ្យវិស័យសេដ្ឋកិច្ចរបស់ប្រជាជននៃខេត្តទាំង២មានភាពធូធារ ជាពិសេសសេដ្ឋកិច្ចជាតិក៏មានការកើនឡើងផងដែរ តាមរយ:ការបង់ពន្ធនិងប្រមូលពន្ធចេញចូលច្រកទ្វារព្រំដែននេះ ។
ឯកឧត្តមឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានក្រើនរំលឹកដល់នាយប៉ុស្ត៍នគរបាលច្រកទ្វារព្រំដែនថ្មី រួមនិងជំនាញផ្នែកពាក់ព័ន្ធទាំងអស់ ថា ៖ ឆ្លើយតបទៅនឹងការផ្តល់សេចក្តីជឿទុកចិត្តរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងមហាផ្ទៃ ត្រូវរក្សាឱ្យបានល្អនូវក្រមសីលធម៌វិជ្ជាជីវ: ក្នុងនាមជាថ្នាក់ដឹកនាំ ដោយមានសាមគ្គីភាពផ្ទៃក្នុង និងត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការងារ ដែលថ្នាក់ដឹកនាំបានប្រគល់ជូន និងបន្តគោរពព្រមទាំងអនុវត្តឱ្យបាន នូវគោលនយោបាយនានារបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសត្រូវជំរុញការផ្តល់សេវាសាធារណៈ ជូនដល់ប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិឱ្យបានកាន់តែល្អប្រសើរឡើង។ ជាពិសេស គឺត្រូវពង្រឹងការចូលរួមទប់ស្កាត់នូវការហូរចូលគ្រឿងញៀនខុសច្បាប់ នៅតាមច្រកទ្វារព្រំដែរអន្តរជាតិ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ៕
No comments:
Post a Comment