លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានអោយដឹងថា ស្រុករមាសហែក ចាប់ពីថ្ងៃទី១ ខែកក្កដា ដល់ទី៥ ខែកក្កដា ឆ្នាំ២០២៤ មានសត្វរុយស និងដង្កូវមូស្លឹក រាត្បាតស៊ីបំផ្លាញស្រូវប្រជាពលរដ្ឋនៅ ឃុំចន្ត្រី ហើយមកដល់ថ្ងៃទី១៦ កក្កដា ២០២៤នេះ មានសត្វដង្កូវហ្វូង និងដង្កូវមូស្លឹក មកស៊ីបំផ្លាញស្រូវប្រជាពលរដ្ឋទូទាំងស្រុករមាសហែកតែម្តង បង្កឲ្យរងការប៉ះពាល់ស្រូវរបស់ប្រជាពលរដ្ឋសរុបចំនួន ៤,៧៥២ហិកតា ក្នុងនោះ ប៉ះពាល់ស្រូវប្រជាពលរដ្ឋក្នុងឃុំទាំង១៦ឃុំ មាន១៣៦ភូមិ ស្មើ៤,៣២១គ្រួសារ។ ហើយក្រុមការងារ បានចុះបាញ់ថ្នាំស្តាឡើងវិញ បានចំនួន៣,៥៧០ហិកតា ខូចខាតទាំងស្រុង ចំនួន៥៨៣ហិកតា។ ខណៈនេះ ក៏មានក្រុមការងារឯកឧត្តម សៅ សុខា ចុះជួយអន្តរាគមន៍ បាញ់ថ្នាំសម្លាប់សត្វល្អិតចង្រៃ និងចែកថ្នាំឲ្យប្រជាកសិករ ដើម្បីបាញ់សម្លាប់សត្វល្អិតចង្រៃនេះផងដែរ ។
លោកនាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចុះស្រែ ពិនិត្យមើលស្រូវរបស់យើង បើមានឃើញសត្វរុយ.ស ឬសត្វដង្កូវហ្វូង ដង្កូវមូស្លឹក កើតមាននៅក្នុងស្រែរបស់យើង ត្រូវរាយការជូនអាជ្ញាធរភ្លាម ដើម្បីទប់ស្កាត់ឲ្យទាន់ពេលវេលា បើសិនជាប្រជាកសិករ មានភាពយឺតយ៉ាវ ក្នុងការចុះពិនិត្យស្រែចម្ការ និងចាត់វិធានការកម្ចាត់ឱ្យបានទាន់ពេលទេនោះ រុយ.ស និងដង្កូវមូស្លឹកអាចបំផ្លាញដំណាំស្រូវ ក្នុងរយៈពេល៥ទៅ៧ថ្ងៃ ខូចស្រូវអស់ទាំងស្រុង ។
ក្នុងការចុះត្រពិនិត្យនេះ ជាលទ្ធផល ក្រុមការងារបានបន្តអន្តរាគមន៍ និងចែកជូនថ្នាំកសិកម្ម ព្រមទាំងបាញ់ថ្នាំ ជូនដល់ប្រជាកសិករទាំង១៦ឃុំ ក្នុងស្រុករមាសហែក បានចំនួនសរុបជាង១០០ហិកតា ។
មន្ត្រីកសិកម្មស្រុករមាសហែក ក៏បានណែនាំទៅប្រជាសហគមន៍ និងប្រជាកសិករ ប្រើថ្នាំបាញ់សម្លាប់សត្វល្អិតចង្រៃ ដូចជាសត្វ រុយ.ស ដង្កូវមូស្លឹក និងដង្កូវហ្វូង ត្រូវបាញ់ថ្នាំនៅពេលព្រឹក ពេលល្ងាច ឬពេលយប់ជាដើម ទើបសម្លាប់រុយ.ស ដង្កូវមូស្លឹក និងដង្កូវហ្វូងនោះ បានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ។
លោកជំរុញឲ្យប្រជាពលរដ្ឋ ប្រសិនបើប្រជាកសិករជួបប្រទះនឹងរុយ.ស ដង្កូវមូស្លឹកកំពុងបំផ្លាញដំណាំស្រូវ សូមរាយការណ៍ ឬធ្វើការទាក់ទងទៅអាជ្ញាធរមូលដ្ឋាន ដែលនៅជិតបំផុត ឬផ្តល់ព័ត៌មានទៅមន្ត្រីកសិកម្ម នៅតាមឃុំ-ស្រុក-ខេត្ត ដើម្បីជួយផ្តល់ការណែនាំផ្នែកបច្ចេកទេស ឬវិធីសាស្ត្រនៃការជ្រើសរើសថ្នាំកសិកម្មសម្រាប់បាញ់កម្ចាត់រុយស និងដង្កូវនោះឱ្យទាន់ពេលវេលា។ក្នុងឱកាសនោះដែរឯកឧត្តមសៅសុខា ក៏បានចែកថ្នាំកសិកម្មសម្លាប់សត្វល្អិតចង្រៃជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ផងដែរ ៕
No comments:
Post a Comment