ខេត្តកែប៖ នារសៀលថ្ងៃ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី និងប្រតិភូសុខាភិបាល បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រមទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប។
ក្នុងពិធីនេះដែរ មានការអញ្ជើញចូលរួម ពីប្រតិភូអមដំណើរ ជាឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស អគ្គនាយក អគ្គនាយករងរដ្ឋបាល-ហិរញ្ញវត្ថុ និងសមាសភាពចូលរួមពីអាជ្ញាធរមូលដ្ឋាន ឯកឧត្តម ប៊ុន យោង អភិបាលរងនៃគណៈអភិបាលខេត្តកែប និងប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកែប អនុប្រធានមន្ទីរសុខាភិបាល ប្រធានការិយាល័យមន្ទីរសុខាភិបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ប្រធាន អនុប្រធានមន្ទីរពេទ្យ និងប្រធានមណ្ឌលសុខភាព កងកម្លាំងប្រដាប់អាវុធ និងមន្ទីរជុំវិញខេត្ត។
ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនជ្រាបដល់មន្ត្រីជាថ្នាក់ដឹកនាំសុខាភិបាលនៃរដ្ឋបាលខេត្តពីលទ្ធផលនៃការចុះពិនិត្យ អំពីតម្រូវការបង្កើនសមត្ថភាពជំនាញ តម្រូវការបណ្តុះបណ្តាលបន្ត ការពិនិត្យអាទិភាពលើសេវាសង្គ្រោះបន្ទាន់ សេវាវះកាត់ និងបន្ថែមលើសពីនេះការខិតខំថែរក្សាធនធានមនុស្ស។
ឯកឧត្តមសាស្រ្តាចារ្យ ក៍បានជូនអនុសាសន៍គន្លឹះបន្ថែម សម្រាប់មន្ត្រីជាថ្នាក់ដឹកនាំ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដូចជា៖
-យកចិត្តទុកដាក់លើការបំរើផ្តល់ជូនសេវាថែទាំព្យាបាល និងខិតខំពន្យល់ជូនប្រជាពលរដ្ឋអោយបានទូលំទូលាយ អំពីការប្រើប្រាស់អត្ថប្រយោជន៍សុខភាពតាមរយៈប័ណ្ណសមធម៌ និងប.ស.ស
-សម្ភារៈបរិក្ខារពេទ្យ ឱសថ រួមទាំងការទុកដាក់ និងថែទាំឱ្យបានត្រឹមត្រូវ
-ខិតខំកត់ត្រាពត៌មានអ្នកជំងឺអោយបានគ្រប់ជ្រុងជ្រោយ និងថែរក្សាឯកសារឱ្យបានត្រឹមត្រូវ
- ទទួលយកនូវព័ត៌មានត្រលប់ពីប្រជាពលរដ្ឋ ពីការពេញចិត្តពេញ និងការផ្តល់ជាគំនិតស្ថាបនា
-បង្កើនសកម្មភាពអប់រំសុខភាព លើកកំពស់សុខភាព ពីវិធីបង្ការ និងថែទាំសុខភាពទាំងក្នុងមូលដ្ឋានសុខាភិបាល និងទាំងក្នុងសហគមន៍។
ឆ្លៀតក្នុងពិធីជួបជុំ ឯកឧត្តមសាស្រ្តាចារ្យ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សូមជួយថែរក្សាការពារសន្តិសុខប្រជាពលរដ្ឋ ជាពិសេសមន្រ្តីសុខាភិបាលនៅតាមមូលដ្ឋានសុខាភិបាល ដែលបម្រើការងារនៅពេល២៤ម៉ោង លើ ២៤ម៉ោង ទាំងនៅតំបន់ឆ្ងាយពីទីប្រជុំ ដើម្បីជាការពារ និងលើកទឹកចិត្តដល់មន្រ្តីសុខាភិបាលបានផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព គុណភាព ស័ក្តិសិទ្ធភាព និងសមធម៌។
ជាចុងបញ្ចប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ បន្តស្មារតីចេះជួយគ្នា ស្មោះត្រង់គ្នា សាមគ្គីភាពភាពរឹងមាំទូលំទូលាយ បន្តតម្កល់ខ្ពស់វិន័យការងារ និងក្រមសីលធម៌វិជ្ជាជីវៈ ដែលត្រូវឆ្លុះបញ្ចាំងមកវិញតាមរយៈការបម្រើសេវាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌ ជូនបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ។
No comments:
Post a Comment