មណ្ឌលគិរី៖ នារសៀលថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី បានអញ្ជើញអមដំណើរឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានដឹកនាំប្រតិភូ យុវជនប្រមាណ ២៨០នាក់ ដោយមានការចូលរួមពីលោក អភិបាលរងខេត្ត លោក សុន សារឿន ប្រធានមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី និងអាជ្ញាធរមូលដ្ឋាន ទស្សនកិច្ចសិក្សា តាមបន្ទាត់បង្គោលព្រំដែន កម្ពុជា-វៀតណាម ក្នុងភូមិសាស្រ្តស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ នេះគឺជាដំណើរទស្សនកិច្ចក្រុមទី១ នៅក្នុងគម្រោងដែលបង្កើតឡើងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ភារកិច្ចអោយក្រសួងព័ត៌មាន សម្របសម្រួលរៀបចំនៅរាល់ចុងសប្តាហ៍ពីដើមខែកញ្ញារហូតដល់ចុងឆ្នាំ២០២៤។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មានបានអោយដឹងថា អ្នកចូលរួមក្នុងដំណើរទស្សនកិច្ចនេះត្រូវបានផ្តល់ជូននូវមធ្យោបាយដឹកជញ្ជូនរួមទៅវិញទៅមកដោយឥតគិតថ្លៃ។
ផ្តល់ជូនអាហារ ៣ពេល និងភេសជ្ជៈ ដោយឥតគិតថ្លៃនៅអំឡុងពេលធ្វើដំណើរកម្សាន្តនេះ។ ទស្សនកិច្ចនេះជាទស្សនកិច្ចបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ ហើយបន្ទុកចំណាយគឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ដែលខ្ទង់ថវិកានេះ មិនពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធព្រំដែនឡើយ។
ដំណើរទស្សនកិច្ចនេះជួយលុបមន្ទិលសង្ស័យអោយអស់ពីក្រុមប្រឆាំងរដ្ឋាភិបាលដែលឃោសនាបោកប្រាស់ប្រជាពលរដ្ឋខុសការពិតថា ដោយសារកិច្ចព្រមព្រៀងCLVបានធ្វើអោយខ្មែរបាត់បង់ដី៤ខេត្តអោយទៅប្រទេសវៀតណាមនោះ។
សូមបញ្ជាក់ថា ក្រុមទី១ក្នុងវគ្គទី១នេះ បានចេញដំណើរពីភ្នំពេញហើយនៅម៉ោង៤ទាបភ្លឺព្រឹកថ្ងៃសៅរ៍ទី៧កញ្ញានេះ ឆ្ពោះទៅខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នឹងបញ្ចប់ដំណើរទស្សនកិច្ចនៅម៉ោង៤រសៀល ហើយត្រឡប់មកវិញកាន់រាជធានីភ្នំពេញវិញ៕
No comments:
Post a Comment