កិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺរបេង ភាពស៊ាំទៅនឹងថ្នាំផ្សះ ការងារសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

កិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺរបេង ភាពស៊ាំទៅនឹងថ្នាំផ្សះ ការងារសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម




ទីក្រុងហាណូយ៖ ដោយបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ឯកឧត្តមវេជ្ជបណ្ឌិត ម៉ៅ តាន់អ៊ាង អនុរដ្ឋលេខាធិការនៃក្រសួងសុខាភិបាលបានដឹកនាំក្រុមការងារចូលរួមកិច្ចប្រជុំស្តីពីការចាប់ផ្តើមគម្រោងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការប្រយុទ្ធនឹងជំងឺរបេង  ភាពស៊ាំទៅនឹងថ្នាំផ្សះ  ការងារសមភាពយេនឌ័រ និងបរិយាប័ន្នសង្គម  "Launching of SAPPHIRE and  APCOVE Project" ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។ 


កិច្ចប្រជុំត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីចាប់ផ្តើមគម្រោងចំនួនពីរ គឺគម្រោង SAPPHIRE និងគម្រោង APCOVE  ដែលមានគោលដៅ៖(១) រៀបចំផែនការប្រតិបត្តិពាក់ព័ន្ធនឹងកិច្ចការមួយចំនួន រាប់បញ្ចូលទាំងការប្រយុទ្ធទៅនឹងជំងឺរបេង ភាពស៊ាំនឹងថ្នាំផ្សះទាក់ទងនឹងមនុស្ស និងសត្វ ជំងឺរាំរៃ ព្រមទាំងការងារសមធម៌យេនឌ័រ ពិការភាព និងបរិយាប័ន្នសង្គម (២)ពង្រឹងកិច្ចសហការ ក្នុងចំណោមដៃគូក្នុងបណ្តាញ នៃគម្រោង SAPPHIRE  (៣) រៀបចំផែនការសម្រាប់លើកសំណើសុំថវិកាបន្ថែមដើម្បីកសាងលើការងាររបស់គម្រោង SAPPHIRE និងការងារពាក់ព័ន្ធដែលមានស្រាប់។ ចំពោះកម្ពុជា គម្រោង SAPPHIRE នឹងជួយគាំទ្រដល់ការសាកល្បងគំរូគម្រោងស្រាវជ្រាវរកករណីជំងឺរបេងតាមសហគមន៍ ដែលការរៀបចំនឹងចាប់ផ្តើមពីឆ្នាំ២០២៥តទៅ។


គួរកត់សម្គាល់ថា ប្រតិភូសុខាភិបាលកម្ពុជា រួមមាន ឯកឧត្តមអនុរដ្ឋលេខាធិការ  លោកវេជ្ជបណ្ឌិត ហួត ចាន់យុដា ប្រធានមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន និងមន្ត្រីពីររូបនៃអង្គការ KHANA  ក៏បានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចប្រជុំនេះ ផងដែរ ជាពិសេសឯកឧត្តមអនុរដ្ឋលេខាធិការ និងក្រុមការងារ បានធ្វើបទបង្ហាញ និងការផ្តល់យោបល់ ដែលជាធាតុចូលយ៉ាងសំខាន់សម្រាប់កិច្ចប្រជុំដ៏មានសារសំខាន់នេះផងដែរ។ 


សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំនេះ មានការចូលរួមពី លោកជំទាវអនុរដ្ឋមន្ត្រី នៃក្រសួងសុខាភិបាលវៀតណាម តំណាងអង្គការសុខភាពពិភពលោក តំណាងស្ថានទូតអូស្ត្រាលី តំណាងអង្គការ FAO ប្រចាំប្រទេសវៀតណាម  ប្រតិភូសុខាភិបាលកម្ពុជា មន្ត្រីមកពីក្រសួងសុខាភិបាលវៀតណាម អ្នកសិក្សាស្រាវជ្រាវ និងអ្នកផ្តល់សេវា មកពីសាកលវិទ្យាល័យស៊ីដនី សកលវិទ្យាល័យ និងមន្ទីរពេទ្យមួយចំនួន នៅសាធារណរដ្ឋសង្គមនិយមវៀតណាម   ព្រមទាំងតំណាងមកពីភាគីពាក់ព័ន្ធនឹងការងារខាងលើនេះ  អញ្ជើញសរុបមានអ្នកចូលរួមប្រមាណ ៧០រូប។








No comments:

Post a Comment

Pages