រាជធានីភ្នំពេញ៖ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) បានបើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការនាយក ត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំ និងលើកទិសដៅការងារបន្តរបស់ខ្លួនសម្រាប់ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោកសាស្ត្រចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង UMA ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះបានរៀបចំឡើងនៅបុរីពិភពថ្មី កួរស្រូវ៣, រាជធានីភ្នំពេញ នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។
កិច្ចប្រជុំគណៈកម្មាធិការនាយក UMA បានពិភាក្សាយ៉ាងផុលផុសលើរបៀបវារៈមួយចំនួន ដើម្បីត្រួតពិនិត្យវាយតម្លៃសកម្មភាពការងារផ្ទៃក្នុង និងលើកទិសដៅការងារ ផែនការសកម្មភាពសម្រាប់ឆ្នាំ២០២៥ ដោយក្នុងនោះ រួមមាន៖ ត្រៀមបើកវគ្គបណ្តុះបណ្តាលវិស័យសារព័ត៌មានផ្នែកបច្ចេកវិទ្យាទំនើប AI នៅទីស្នាក់ការកណ្ដាល UMA នាព្រះរាជាណាចក្រថៃឡង់ដ៍ ក្នុងអំឡុងខែមករា ឆ្នាំ២០២៥ នាពេលដ៏ខ្លីខាងមុខនេះ។
ស្មារតីនៃអង្គប្រជុំ រួមមាន៖ អគ្គលេខាធិការរង និងគណៈកម្មាធិការនាយក UMA បានសម្រេចឯកភាពជាគោលការណ៍បញ្ចូលសមាជិកគណៈកម្មាធិការនាយកថ្មី ចំនួន ២រូប គឺបណ្ឌិត ហ៊ឹម កុសល និងលោក ញ៉ែត រ៉ន ជាផ្លូវការ។ ទន្ទឹមគ្នានេះ អង្គប្រជុំក៏បានពិនិត្យ និងឯកភាពគ្នាជាឯកច្ឆន្ទក្នុងការបង្កើតគណៈកម្មាធិការមូលនិធិមហាគ្រួសារ សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងបម្រើបេសកកម្មពិសេសរបស់សហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA), កិច្ចការមនុស្សធម៌, គាំពារដល់សមាជិក សមាជិកា UMA, ចូលរួមចំណែកលើកស្ទួយ និងគាំពារសិទ្ធិសេរីភាពសារព័ត៌មាន និងអ្នកសារព័ត៌មាន, ចូលរួមចំណែកពង្រឹងក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មានដល់អ្នកសារព័ត៌មាន និងចូលរួមជួយដោះស្រាយទាំងផ្នែកសម្ភារៈ ថវិកា និងស្មារតីដល់សមាជិក សមាជិកា នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ដែលជួបបញ្ហាទុក្ខលំបាក និងបញ្ហាបន្ទាន់នានា ...។ល។ ព្រមទាំងត្រៀមផែនការសកម្មភាពការងារសម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៥។
មុនបញ្ចប់កិច្ចប្រជុំ លោកសាស្ត្រចារ្យបណ្ឌិត សុខ សុវណ្ណ អគ្គលេខាធិការរង UMA ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការនាយកគ្រប់រូបដែលមានវត្តមានក្នុងអង្គប្រជុំនាឱកាសនេះ និងមានប្រសាសន៍ផ្តាំផ្ញើដល់សមាជិក សមាជិកា នៃសហព័ន្ធប្រព័ន្ធផ្សព្វផ្សាយអាស៊ាន (UMA) ទាំងអស់ត្រូវគោរពក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីឱ្យទទួលបានជំនឿទុកចិត្ត និងសង្គមផ្តល់តម្លៃ។
ក្រោយបញ្ចប់កិច្ចប្រជុំ ក៏មានពិសាអាហារសាមគ្គីប្រកបដោយសហភាតរៈ និងភាពស្និទ្ធស្នាលក្រៃលែង៕
No comments:
Post a Comment