ខេត្តស្វាយរៀង៖ រដ្ឋបាលក្រុងស្វាយរៀង បានចេញសេក្តីជូនដំណឹងដល់បងប្អូនអាជីវករលក់ដូរ ហាមដាក់តាំងទំនិញលក់ដូរនៅលើចិញ្ចេីមផ្លូវ និងចំណីផ្លូវសាធារណៈ ដែលគ្មានរបៀបរៀបរយ ខូចសណ្តាប់ ធ្នាប់ និងនាំឱ្យកកស្ទះចរាចរណ៍ បាត់បង់សោភណភាពទីក្រុង និងគ្មានអនាម័យធ្វើឱ្យប្រជាពលរដ្ឋ មជ្ឈដ្ឋានជិតឆ្ងាយ មានការរអ៊ូរទាំ និងនាំឱ្យបាត់បង់សីលធម៌ អាប់ឱនកិត្តិយស និងគ្មានភាពទទួលខុសត្រូវ។
ការណ៍នេះធ្វើឡើងនៅថ្ងៃទី៣ខែមករាឆ្នាំ២០២៥ដឹកនាំដោយលោក រស់ វាសនា អភិបាលរងក្រុងស្វាយរៀង បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុង សហការជាមួយភាស៊ីផ្សារ រៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារវាលយន្ដ និងខាងមុខហង្ស ដើម្បីបាញ់គំនូសកំណត់ការដាក់តាំងទំនិញលក់ឱ្យមានរបៀបរៀបរយតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលក្រុងស្វាយរៀង។
លោកបន្តថាក្នុងនាម រដ្ឋបាលក្រុងស្វាយរៀង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ ក្នុងការរៀបចំទីកន្លែងលក់ដូរ និងរុះរើនូវ ដំបូលសំយ៉ាប ជញ្ជាំងឈ្លប ដែលមានដាក់ទ្វាររូតការចាក់សាបបិទមាត់រឺហ្គាលូ និងការដាក់តាំងទំនិញលក់ដូរ នៅលើចិញ្ចើមផ្លូវ ចេញពីចំណីផ្លូវ ជាដីសាធារណៈរបស់រដ្ឋជាកំហិត។
ក្នុងករណី លោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលក្រុងស្វាយរៀង នឹងចាត់ វិធានការរដ្ឋបាល ដោយប្រើកម្លាំងសមត្ថកិច្ច ព្រមទាំងអាជ្ញាធរពាក់ព័ន្ធ នឹងចុះរុះរើយកសម្ភារះនិងទំនិញផ្សេងៗចេញពីទីតាំងដែលបានហាមឃាត់ខាងលើ និងមិនទទួលខុសត្រូវរាល់ការខូចខាត និងការបាត់បង់ណាមួយឡើយ៕ជា រដ្ឋា
No comments:
Post a Comment