ខេត្តកំពង់ឆ្នាំង៖នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៥ មានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមកថា នៅចំណុចជិតខ្សាច់ពូនភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានសកម្មភាពធ្វើរបងហ៊ុំព័ទ្ធយកដីទំហំប្រមាណជាង ៨ ហិចតា ក្រោមរូបភាព ទិញលក់ ដែលមានអាជ្ញាធរដឹងឮ។
បើតាមការបញ្ជាក់របស់លោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ដី 10% ដែលរដ្ឋបាលខេត្តរក្សាទុកមានទំហំជាង ៦០ ហិចតា ហេីយទីតាំងដីដែលក្រុមឈ្មួញកំពុងធ្វើរបងហ៊ុំព័ទ្ធនោះគឺពិតជាទីតាំងដី 10% ដែលរដ្ឋបាលខេត្តរក្សាទុក បម្រើផលប្រយោជន៍រួម ជូនពលរដ្ឋក្នុងមូលដ្ឋាន មិនអាចជនណា
មកបំពានធ្វើជាកម្មសិទ្ធិបានឡើយ។
ស្រាប់តែនៅពេលថ្មីៗនេះបែរជាឃើញមានឈ្មួញ ឈ្មោះ រិន សីហា និងប្រពន្ធឈ្មោះ កុយ សុផាន់ណា រស់នៅ ភូមិចុងព្រែក សង្កាត់ ព្រែកឯង ខណ្ឌ ច្បារអំពៅរាជធានីភ្នំពេញ រៀបចំធ្វើឯកសារ ទិញលក់ជាមួយឈ្មោះឌី ឡេ និងប្រពន្ធ ឈ្មោះ ហួន សាវ៉ាត់ រស់នៅ ភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ដែលមានអាជ្ញាធរចុះហត្ថលេខា ក្នុងការទិញលក់ទៅវិញ។
បន្ថែមពីនេះទៀតលោក សំ ឬទ្ធី នាយផ្នែករដ្ឋបាលព្រៃឈើរមាស បានបញ្ជាក់ថាដីក្នុង រដ្ឋបាលឃុំក្បាលទឹក ទាំងមូលគឺបានវាស់វែងជាលក្ខណៈប្រព័ន្ធតាំងពីជំនាន់ ក្រុមនិស្សិត សម្ដេចតេជោ ឆ្នាំ ២០១២.២០១៣ មកម៉្លេះ ហើយក៏ចេញប័ណ្ណកម្មសិទ្ធិជូនពលរដ្ឋរួចរាល់អស់ដែរ ដូច្នេះគ្មានដីណាដែលនៅសេសសល់ជារបស់ប្រជាពលរដ្ឋទៀតទេ។
ចំពោះដីដែលសល់សុទ្ធតែជាដី សាធារណៈរបស់រដ្ឋ ដែលត្រូវការពារ ចុះហេតុអ្វីពេលនេះបែរជាមានអាជ្ញាធរ ចុះហត្ថលេខាទិញលក់អោយឈ្មួញទៅវិញ...?ហើយចំពោះឯកសារទិញលក់ក៏មានភាពមិនប្រក្រតីថែមទៀត។
ជុំវិញករណីនេះលោកមេភូមិក្រសាំងដុះឡើងបានបញ្ជាក់ថាដី 10% ពិតជាមានពិតមែនតែមិនមែននៅចំណុចទិញលក់នោះទេគឺនៅចំណុចផ្សេង។
ចំពោះលោកស្រីមេឃុំក្បាលទឹកអ្នកសារព័ត៌មានបានទូរសព្ទទៅសួរតែទូរសព្ទមិនចូល។
ចំណែកលោក សូត្រ សង់ ជាអភិបាលស្រុកទឹកផុស បានបញ្ជាក់ថាគាត់បានទទួលព័ត៌មានពីការធ្វើរបងនេះហើយ ហើយគាត់កំពុងឲ្យលោកស្រីមេឃុំធ្វើរបាយការណ៍ជូនគាត់ឱ្យច្បាស់ថាទីតាំងដីនោះជាដី10% ឬក៏ជាដីអាស្រ័យផលរបស់ប្រជាពលរដ្ឋ។
ជុំវិញករណីខាងលើប្រជាពលរដ្ឋស្នើសុំឯកឧត្តមអភិបាលកំពង់ឆ្នាំង ជួយចាត់ក្រុមការងារចុះស្រាវជ្រាវដើម្បីដករហូតដីមករក្សាទុកធ្វើជាទ្រព្យសម្បត្តិរដ្ឋវិញដើម្បីបម្រើផលប្រយោជន៍រួមជូនពលរដ្ឋ៕
ជុំវិញបញ្ហាខាងលើនេះ ឣង្គភាពយើងខ្ញុំនឹងបន្ដធ្វើបច្ចុប្បន្នភាពបន្ដទៀត ហើយរងចាំការបំភ្លឺគ្រប់ភាគីពាក់ព័ន្ធទាំងឣស់រៀងរាល់ម៉ោងធ្វើការ ហើយយើងខ្ញុំនឹងលំឣិតព័ត៌មានលើក្រោយបន្ថែមទៀត៕
No comments:
Post a Comment