បឹងអន្លង់ជ្រៃ ស្រុកទឹកផុស ត្រូវចាក់ដីរំលោភយកជាច្រើនហិកតា – ប្រជាពលរដ្ឋស្នើអាជ្ញាធរថ្នាក់ជាតិចុះពិនិត្យ - សារព័ត៍មាន រដ្ឋា អាស៊ាន ធីវី អន ឡាញ
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646...

Breaking

បឹងអន្លង់ជ្រៃ ស្រុកទឹកផុស ត្រូវចាក់ដីរំលោភយកជាច្រើនហិកតា – ប្រជាពលរដ្ឋស្នើអាជ្ញាធរថ្នាក់ជាតិចុះពិនិត្យ




ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានរាយការណ៍ថា បឹងអន្លង់ជ្រៃ កំពុងត្រូវរងការរំលោភដោយការចាក់ដីយកដីបឹងជាច្រើនហិកតា។ កន្លែងខ្លះត្រូវបានចាក់រួចរាល់ ហើយកន្លែងខ្លះកំពុងបន្តចាក់ ដោយមានការប្រើប្រាស់គ្រឿងចក្រច្រើនគ្រឿងកាយដីពីបឹង និងចាក់ទៅតំបន់ផ្សេងៗ។

ប្រភពព័ត៌មានបានឱ្យដឹងថា បឹងនេះមានទំហំប្រមាណ ៤០ ហិកតា ហើយក្នុងចំណោមនេះ មានតំបន់ខ្លះមានប្លង់រឹងតិចតួចតែប៉ុណ្ណោះ។ ទោះយ៉ាងណា មានការចាក់ដីបន្តទៅលើផ្ទៃបឹង ដោយគ្មានការចូលអន្តរាគមន៍ពីអាជ្ញាធរ ដែលបង្កឱ្យមានការសង្ស័យថា មានការបើកផ្លូវអោយសកម្មភាពនេះដំណើរការយ៉ាងរលូន។

នៅក្នុងករណីនេះ លោក សូត្រ សង់ អភិបាលស្រុកទឹកផុស មិនបានឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មានទោះបីសារព័ត៌មានបានជម្រាបជូនតាមប្រព័ន្ធ Telegram ក៏ដោយ។

ផ្ទុយទៅវិញ លោក ង៉ិន យ៉ុង ប្រធានមន្ទីរធនធានទឹកខេត្តកំពង់ឆ្នាំង បានអះអាងថា នឹងចាត់មន្ត្រីម្នាក់ចុះពិនិត្យនៅលើកន្លែងកើតហេតុ ដើម្បីស៊ើបអង្កេតថា តើសកម្មភាពចាក់ដីនេះមានការអនុញ្ញាតផ្លូវការឬអត់។ លោកក៏បានបញ្ជាក់ថា នឹងសួរទៅអាជ្ញាធរស្រុកបន្ថែម ដើម្បីជៀសវាងប៉ះពាល់ដីរបស់ប្រជាពលរដ្ឋ។

លោក សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង ក៏បានលើកឡើងថា លោកមិនទទួលដំណឹងអំពីករណីនេះនៅឡើយ។ ទោះយ៉ាងណា គាត់បានបញ្ជាក់ថា បឹងជាទ្រព្យសម្បត្តិសាធារណៈ ដែលជាសម្បត្តិរបស់រដ្ឋ ដូច្នេះការចេញប័ណ្ណប្លង់រឹងអោយឯកជនគឺមិនអាចធ្វើទៅបាន។ លោកក៏បានស្នើឲ្យមានការពិនិត្យមើលជាក់ស្តែងថា តើបឹងនេះនៅស្ថិតក្នុងសភាពធម្មជាតិឬមានការគោករាក់ផ្លាស់ប្តូរទ្រង់ទ្រាយអោយអាចចេញប័ណ្ណកាន់កាប់ឯកជន។

ដោយសារតែភាពមិនប្រក្រតីទាំងនេះ ប្រជាពលរដ្ឋបានស្នើអោយអាជ្ញាធរថ្នាក់ជាតិ ចូលអធិការកិច្ចស៊ើបអង្កេតការរំលោភយកដីបឹងអន្លង់ជ្រៃ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង។ ពួកគេក៏បានស្នើអោយអាជ្ញាធរមានការអនុវត្តច្បាប់យ៉ាងត្រឹមត្រូវ ដើម្បីទប់ស្កាត់ការកាន់កាប់ទ្រព្យសម្បត្តិសាធារណៈដោយខុសច្បាប់ និងការបំផ្លាញប្រយោជន៍សាធារណៈ ៕















No comments:

Post a Comment

Pages