ខេត្តក្រចេះ៖ ជនជាតិចិនម្នាក់ ដែលធ្វើការនៅក្នុងក្រុមហ៊ុនចំការចេក ហ្រ្គីនអាយលែនអេហ្គ្រីខលឈើរល័ (CBA) បានប្រើកាំភ្លើងបាញ់សម្លាប់គោក្របីរបស់ប្រជាពលរដ្ឋ និងបង្ករបួសជាច្រើនក្បាល នៅស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ។
បើតាមប្រជាពលរដ្ឋនៅមូលដ្ឋាន ក្រុមជនជាតិចិនមួយក្រុមបានប្រើប្រាស់រថយន្ត Pick-up ពណ៌ស ដែលប្រដាប់ដោយអាវុធ ដើរកៀកសត្វគោក្របីរបស់ពលរដ្ឋ ហើយបាញ់សម្លាប់ពួកវាជាបន្តបន្ទាប់។ បន្ទាប់មកពួកគេបានលើកសពសត្វដាក់ត្រាក់ទ័រយកចូលទៅក្នុងបរិវេណក្រុមហ៊ុន CBA ដែលមានទីតាំងស្ថិតនៅភូមិស្រែស្បូវ ឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ។
ប្រជាពលរដ្ឋបានស្នើឲ្យមានការស៊ើបអង្កេត និងដោះស្រាយពីសំណាក់អាជ្ញាធរ ដោយសង្កត់លើការប្រើអាវុធបាញ់សត្វចិញ្ចឹម ដែលមិនត្រឹមត្រូវ។ ពួកគេបានអះអាងថា ប្រសិនបើសត្វគោក្របីរបស់ពលរដ្ឋចូលទៅក្នុងដីក្រុមហ៊ុន និងបង្កឲ្យមានការខូចខាត គួរតែចាប់ទុក ហើយអញ្ជើញម្ចាស់មកផាកពិន័យតាមការខូចខាត មិនមែនដើរបាញ់សម្លាប់ទាំងអស់នេះ។
ប្រភពព័ត៌មានបន្ថែមក៏បានបញ្ជាក់ថា សកម្មភាពប្រើប្រាស់អាវុធបាញ់សត្វគោក្របីរបស់ក្រុមជនជាតិចិនក្នុងក្រុមហ៊ុននេះ មិនមែនថ្មីទេ ព្រោះពួកគេតែងតែបើករថយន្ត Pick-up និងប្រើអាវុធដើរបាញ់សត្វជារឿយៗ ប៉ុន្តែមិនមានអ្នកណាហ៊ានប្តឹងឲ្យសមត្ថកិច្ចចាត់វិធានការ៕
No comments:
Post a Comment