លោកសាយ គឹមឡម អភិបាលស្រុកស្ទោងនិងសហការីបានអញ្ជើញដឹកនាំគ្រឿងចក្រកាយដាក់លូប្រអប់រំដោះទឹកប្រវែង ៣៥០ម៉ែត្រនៅភូមិត្នោត ឃុំកំពង់ចិនជើង កាលពីព្រឹកថ្ងៃទី ២៧ខែឧសភា ឆ្នាំ ២០២៥។
លោកបានបញ្ជាក់បន្ថែមថា ការកាយដាក់លូនៅក្នុងឱកាសនេះគឺដើម្បីបញ្ជៀសនិងរំដោះទឹកដែលតែងតែកកស្ទះនិងដក់នៅលើផ្លូវជាតិលេខ ៦ ដែលជាការរំខានដល់ការធ្វើដំណើរក៏ដូចជាបង្កឱ្យមានការឆាប់ខូចខាតថ្នល់ជាតិឬនាំឱ្យមានការកកស្ទះបំពុលបរិស្ថាន ក៏ដូចជាបាត់បង់សោភ័ណភាពទីរួមស្រុកស្ទោងផងដែរ។
ទន្ទឹមនឹងនេះលោកបានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុតដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដែលបានចូលរួមសហការក្នុងការថែរក្សាក៏ដូចជាធ្វើឲ្យប្រព័ន្ធរំដោះទឹកនេះបានប្រព្រឹត្តទៅដោយរលូនប្រកបដោយគុណ សោភ័ណភាពនិង ជាពិសេសអាចបញ្ជៀសការកកស្ទះនិងរំដោះទឹកជំនន់មួយផ្នែកធំផងដែរ។
លើសពីនេះទៀតលោកបានអំពាវនាវដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានសូមជួយថែរក្សាសោភ័ណភាព បរិស្ថាន នៅអមសងខាងផ្លូវជាតិលេខ៦ជាពិសេសគឺការទុកដាក់សម្រាមឱ្យបានត្រឹមត្រូវនិងតាមការប្រមូលរបស់សេវាអនាម័យដើម្បីបញ្ជៀសនូវការកកផ្ទះប្រព័ន្ធរំដោះទឹក។
សូមបញ្ជាក់ថាប្រព័ន្ធលូរំដោះទឹកដែលត្រូវដាក់បំពាក់នៅក្នុងឱកាសនេះមានប្រវែង ៣៥០ម៉ែត្រ ទទឹង ០,៦ម៉ែត្រ និងមានកម្ពស់ ១,២ម៉ែត្រ ។
No comments:
Post a Comment