ខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ១២រោច ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥
ក្នុងរយ:ពេល២ថ្ងៃនេះ ការិយាល័យដឹកជញ្ជូននៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមជាមួយមន្ត្រីអង្គភាពច្រកចេញចូលតែមួយនៃសាលាខេត្តព្រះវិហារ និងមន្ត្រីរដ្ឋបាលស្រុកទាំងបី រួមមាន ស្រុកគូលែន ស្រុករវៀង និងស្រុកសង្គមថ្មី បានសហការគ្នាចុះពិនិត្យ និងធ្វើបច្ចុប្បន្នភាពយានដ្ឋានជួសជុលរថយន្តចំនួន ១១ ទីតាំង។ គោលបំណងសំខាន់នៃការចុះអនុវត្តនេះ គឺដើម្បីជំរុញម្ចាស់យានដ្ឋានដែលទើបនឹងបង្កើតថ្មី ឱ្យមកស្នើសុំចុះបញ្ជីអាជីវកម្មឱ្យបានត្រឹមត្រូវ និងណែនាំដល់យានដ្ឋានដែលលិខិតអនុញ្ញាតបានផុតសុពលភាព ឱ្យរួសរាន់មកបន្តលិខិតអនុញ្ញាតនៅច្រកចេញចូលតែមួយនៃរដ្ឋបាលខេត្តព្រះវិហារ។
មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមអំពាវនាវយ៉ាងទទូចដល់បងប្អូនម្ចាស់យានដ្ឋានជួសជុល និងកែច្នៃរថយន្តទាំងអស់ក្នុងខេត្ត ចូលរួមអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទប្បញ្ញត្តិពាក់ព័ន្ធឱ្យបានខ្ជាប់ខ្ជួន។ សូមម្ចាស់យានដ្ឋាន កុំកែច្នៃរថយន្តខុសលក្ខណៈបច្ចេកទេស ដែលអាចផ្ទុយនឹងច្បាប់ និងបង្កហានិភ័យខ្ពស់ដល់សុវត្ថិភាពអ្នកប្រើប្រាស់ផ្លូវ។ ជាពិសេស សូមមេត្តាណែនាំអ្នកបើកបរ កុំដឹកជញ្ជូនលើសទម្ងន់កំណត់ ដែលជាមូលហេតុចម្បងធ្វើឱ្យផ្លូវឆាប់ខូចខាតមុនអាយុកាល និងបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។ ការគោរពច្បាប់ទាំងអស់គ្នា គឺជាកាតព្វកិច្ចដើម្បីរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងថែរក្សាទ្រព្យសម្បត្តិសាធារណៈ។ដោយ សាយ ប៊ុនលី
No comments:
Post a Comment