(ខេត្តកំពង់ធំ)៖ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈឯកឧត្តម នូ ស៊ីថា ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា និងឯកឧត្ដមនួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលមានទីតាំងស្ថិតនៅភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវសន្ទរកថាស្វាគមន៍យ៉ាងកក់ក្ដៅជាទីបំផុត ចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម និងប្រតិភូ ព្រមទាំងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានផ្ដល់កិត្តិយស ក្នុងពិធីដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នូវអាគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ ដែលបានចំណាយពេលវេលាសាងសង់អស់រយៈពេល ជាង បួនខែ ទើបបានសាងសង់រួចរាល់នៅពេលនេះ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានធ្វើរបាយការណ៍ស្ដីពីការសាងសង់ អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជន អំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលមានទំហំជាង ៣១៨ម៉ែត្រការ៉េ មានបន្ទប់ចំនួន ៧បន្ទប់ ក្នុងនោះបន្ទប់ធ្វើការចំនួន ៥បន្ទប់ បន្ទប់បដិសណ្ឋារកិច្ចចំនួន ១បន្ទប់ សាល់ប្រជុំចំនួន ១បន្ទប់ ដែលត្រូវបានចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ជាង ១២ម៉ឺនដុល្លារសហរដ្ឋអាមេរិក នៅលើផ្ទៃដីទំហំ ៥,០០០ម៉ែត្រការ៉េ ដែលជាការសម្របសម្រួលដោះស្រាយពីឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ។
ឯកឧត្តម នួន ផារ័ត្ន បានគោរពថ្លៃងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត ចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលបានផ្ដួចផ្ដើមក្នុងការសាងសង់អគារទីស្នាក់ការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅក្នុងខេត្តកំពង់ធំនាពេលនេះ ដើម្បីបម្រើនិរន្តរភាពការងាររបស់អតីតយុទ្ធជន និងនិវត្តជន នៅខេត្តកំពង់ធំ ឲ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានថ្លែងអំណរគុណចំពោះឯកឧត្តម នូ ស៊ីថា ដែលបានឧបត្ថម្ភកញ្ចប់ថវិកាក្នុងការសាងសង់ ក្នុងនាមសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងថ្លៃងអំណរគុណចំពោះឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ ដែលបានផ្ដល់ដី សម្រាប់សាងសង់អគារទីស្នាក់ការសមាគមនៅពេលនេះ និងបានថ្លែងនូវការកោតសរសើរចំពោះឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ក្នុងការបម្រើអតីតយុទ្ធជនក្នុងខេត្តកំពង់ធំនាពេលកន្លងទៅ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទន: ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម ក៏បានផ្សព្វផ្សាយសភាពការណ៍ថ្មីៗមួយចំនួន ជូនដល់អង្គពិធី និងបានសំណូមពរដល់ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងបងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ ត្រូវជឿជាក់លើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៃយើង ក្នុងការដោះស្រាយបញ្ហាប្រទេសជាតិ ។ ជាមួយនោះដែរ ឯកឧត្តម គន់ គីម ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ មន្ត្រីរាជការ មន្ទីរ ស្ថាប័នគ្រប់បណ្ដាអង្គភាព ត្រូវបន្តរួមគ្នាយកចាត់ទុកដាក់ជួយដោះស្រាយ និងមើលថែជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជនរបស់យើង ។
នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគារទីស្នាក់ការសមាគមអតីតយុទ្ធជនយុទ្ធជន និងនិវត្តជនកម្ពុជា ខេត្តកំពង់ធំ នៅពេលនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី នាយឧត្តមសេនីយ៍ គន់ គីម បានឧបត្ថម្ភមានស្បៀងអាហារ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនដែលជាអំណោយរបស់សម្តេចធិបតីហ៊ុន ម៉ាណែត និងលោកជំទាវ ជូនដល់អតីតយុទ្ធជន និងនិវត្តជន ដែលបានចូលរួមចំនួន ១០០គ្រួសារ និងបានសន្យាប្រគល់ថវិកាសម្រាប់សាងសង់ផ្ទះជូនដល់អតីតយុទ្ធជន ដែលមានដី គ្មានផ្ទះ នៅតាមមូលដ្ឋាននៅក្នុងខេត្តកំពង់ធំ ចំនួន ៤០ខ្នងផ្ទះ ជូនឧត្តមសេនីយ៍ទោ សោម ស៊ុន ដើម្បីដំណើរការសាងសង់ជូនបងប្អូនអតីតយុទ្ធជន នៅតាមមូលដ្ឋាននានា ដើម្បីជូនបងប្អូនមានលំនៅដ្ឋានរស់នៅបានសមរម្យផងដែរ។ អត្ថបទតំបន់សឹករងកំពង់ធំ
No comments:
Post a Comment