-->
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....
សូមស្វាគមន៍ www.rtnasian-tvonline.com មានទទួលសេវាកម្ម ផ្សាយពាណិជ្ជកម្មគ្រប់ប្រភេទ /ទំនាក់ទំនង /Tel:.097 503 4646.....

Monday, February 27, 2023

មិនដឹងថាមានវិបត្តិអ្វី គូស្នេហ៍មួយគូចាក់សាំងដុតសម្លាប់ខ្លួន ឆេះផ្អើលផ្ទះសំណាក់ ៧៧៧៧

ចំនួនអ្នកទស្សនា: Views


 


 ចេញផ្សាយ ថ្ងៃទី27 ខែកុម្ភៈ ឆ្នាំ2023
(ខេត្តស្វាយរៀង): នៅផ្ទះសំណាក់យីហោ ៧៧៧៧  មានករណីធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯងបណ្តាលឱ្យឆេះស្លាប់ ប្រុសស្រី២នាក់ បង្កការភ្ញាក់ផ្អើលដល់ម្ចាស់ផ្ទះសំណាក់ និងសមត្ថកិច្ចទាំងព្រឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅត្រង់ចំណុចផ្ទះសំណាក់យីហោការ៉េ៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមលោក មាស ធួក អធិការនគរបាលស្រុករំដួល បានអោយដឹងថា: អ្នកស្លាប់មានឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ មានទីលំនៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល។
លោកអធិការបន្តថា សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧ មានអគ្គិភ័យមួយកើតឡើង។ ក្រោយពីទទួលព័ត៌មានភ្លាម កម្លាំងជំនាញបច្ចេកទេសស្រុក បានសហការជាមួយជំនាញខេត្ត និងលោកវេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពីលោក បូរា  អង្គប្រទាន ព្រះរាជអាជ្ញារងសាលាដំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុដើម្បីពិនិត្យហើយឃើញថា នៅបន្ទប់លេខ១៩ មានមនុស្សស្លាប់ចំនួន២នាក់ ។
ប្រភពបន្តថា ក្រោយពិនិត្យរួចសមត្ថកិច្ចបានសន្និដ្ឋានថា សាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯង ដោយសារមូលហេតុមានវិបត្តិស្នេហា។
តាមការបំភ្លឺរបស់ឈ្មោះ ជំ ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ផ្ទះសំណាក់បានឱ្យដឹងថា: នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦ល្ងាច មានមនុស្សប្រុសស្រី២នាក់ បានជិះម៉ូតូមួយគ្រឿងមកជួលបន្ទប់លេខ១៩របស់ខ្លួន ដើម្បីសម្រាក១យប់ រហូតដល់ម៉ោង៧និង៣០នាទីព្រឹក ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ដែលអ្នកទាំងពីរជួល ទើបបង្កការភ្ញាក់ផ្អើលតែម្តង។
ក្រោយពិនិត្យចប់រួចរាល់សាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ និងបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួល៕ ដោយៈRTN




Sunday, February 26, 2023

ល្បែងស៊ីសង ជល់មាន់ អាប៉ោង យូគី និងល្បែងស៊ីសង ផ្សេងៗទៀត នៅក្នុងអគារឈ្មោះថា (ការជួល) នៅជាន់ទី៣ សង្ស័យជាឆ្នាំងបាយរបស់អាជ្ញាធរមូលដ្ឋាន

ចំនួនអ្នកទស្សនា: Views

 



ភ្នំពេញ៖មហាជនបានសំណូមពរដល់លោកស ថេត ស្នងការរាជធានីភ្នំពេញ ពិសេសលោក
 
ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ សូមជួយចាត់វិធានការផ្លូវច្បាប់ ចំពោះទីតាំងបនល្បែងស៊ីសង នៅក្នុងអគារឈ្មោះថា (ការជួល) នៅជាន់ទី៣ ស្ថិតតាមបណ្ដោយ ផ្លូវរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ បានបើកលេងជារៀងរាល់ថ្ងៃ ក្នុងនោះលោកយិន សាន អធិការខណ្ឌចំការមន និងលោកកៀង ល័ក្ស អភិបាលខណ្ឌចំការមន បានរក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន យ៉ាងពេញបន្ទុកស្តីពីការទប់ស្កាត់និងបង្ក្រាបបទល្មើសល្បែងស៊ីសងគ្រប់ ប្រភេទនៅទូទាំងរាជធានីខេត្ត។

ពាក់ព័ន្ធនិងបទល្មើសល្បែងស៊ីសងខាងលើនេះ មហាជនបាននាំគ្នា ដាក់ការសង្ស័យ ទៅលើលោកយិន សាន និងលោកកៀងល័ក្ស  ករណីល្បែងស៊ីសងខាងលើនេះ សង្ស័យជាឆ្នាំងបាយ របស់អស់លោកផងក៌មិនដឹង? ទើបអស់លោកនាំគ្នារក្សាភាពស្ងៀមស្ងាត់ ផ្គើននិងបទបញ្ជារបស់សម្តេចតេជោហ៊ុនសែន (ពោល)មិនអនុវត្តន៌នូវគោលនយោបាយភូមិសង្កាត់ទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃទៀតផង។

សូមរំលឹកថា កាលថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅថ្មីៗ​នេះ​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃកម្ពុជា​ បានចេញ​បទបញ្ជា ដាច់ណាត់មួយ ឲ្យអភិបាលរាជធានីខេត្ត ទាំង ២៥ ខេត្តក្រុង ត្រូវបិទទីតាំងបនល្បែងសុីសង គ្រប់ប្រភេទ ទាំងអស់ឧ្យខាងតែបាន​ សម្តេច​តេជោ​ ហ៊ុន​ សែន បានបញ្ជាក់យ៉ាងច្បាស់ថា អាជ្ញាធរ​ស្រុក ក្រុង ខេត្តណា ដែលមិនទប់​ស្កាត់និងមិនបង្ក្រាប បទល្មើសល្បែងស៊ីសង នៅ​ក្នុងមូលដ្ឋានរបស់ខ្លួនទេ​ ! អាជ្ញាធរនិងសមត្ថកិច្ចទាំងនោះ និងត្រូវប្រឈមបាត់បង់តំណែងទៀតផង ។



សូមគោរពអបអរសាទរ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា

ចំនួនអ្នកទស្សនា: Views


 សូមគោរពអបអរសាទរ ឯកឧត្តម ជា កែវចិន្តា ទីប្រឹក្សា និងជាប្រធាននាយកដ្ឋាននីតិកម្ម នៃក្រសួងព័ត៌មាន ដែលត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជប្រទាននូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា🎉🙏









Saturday, February 25, 2023

អង្គការ FATF ប្រកាសដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់

ចំនួនអ្នកទស្សនា: Views



ភ្នំពេញ៖ នៅទីបំផុត អង្គការឃ្លាំមើលការលាងលុយ និងឧក្រិដ្ឋកម្មហិរញ្ញវត្ថុអន្តរជាតិ (FATF) ដែលមានមូលដ្ឋាននៅទីក្រុងប៉ារីស ប្រទេសបារាំង នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសជាផ្លូវការក្នុងការដកប្រទេសកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់។
នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់យ៉ាងដូច្នេះថា «យុត្តាធិការក្រោមការបង្កើនការត្រួតពិនិត្យ កំពុងដំណើរការយ៉ាងសកម្មជាមួយ FATF ដើម្បីដោះស្រាយការខ្វះខាតខាងយុទ្ធសាស្ត្រ នៅក្នុងរដ្ឋាភិបាលរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលាងលុយហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដែលចូលរួមចំណែកដល់ការរីកសាយអាវុធនុយក្លេអ៊ែរ។ ប្រទេសថ្មីៗដែលស្ថិតនៅក្រោមកម្មវត្ថុ នៃការបង្កើនការត្រួតពិនិត្យ រួមមានអាហ្វ្រិកខាងត្បូង និងនីហ្សេរីយ៉ា។ ប្រទេសម៉ារ៉ុក និងកម្ពុជា លែងជាកម្មវត្ថុនៃការត្រួតពិនិត្យបន្ថែមទៀតដោយ FATF ទៀតហើយ»។

ការសម្រេចដកកម្ពុជាចេញពី «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់នេះ បានធ្វើឡើងនៅក្នុងមហាសន្និបាត FATF នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង និងត្រូវបានរៀបចំសន្និសីទកាសែត ប្រកាសជាផ្លូវការ នៅម៉ោង១០យប់ ម៉ោងនៅប្រទេសកម្ពុជា។
ការប្រកាសដកចេញពីបញ្ជីប្រផេះជាផ្លូវការនេះ បានធ្វើឡើងបន្ទាប់ពីមានសេចក្តីសម្រេចចិត្តរបស់ក្រុមការងារ ICRG របស់ FATF ក្នុងការដកកម្ពុជាពីបញ្ជីប្រផេះ នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំ ICRG នាថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ មិនមានសមាជិកណាជំទាស់ការដកកម្ពុជាចេញពីបញ្ជីប្រផេះនោះទេ។ ផ្ទុយទៅវិញកម្ពុជាទទួលបានការគាំទ្រពីសមាជិករបស់ FATF ចំនួន១៨ រួមមានស្ថាប័នអន្តរជាតិ២៖ APG និង EU Commission និងប្រទេសសមាជិកចំនួន១៦ទៀត ដូចជា៖ អូស្ត្រាលី ដាណឺម៉ាក ហ្វាំងឡង់ ឥណ្ឌា អាមេរិក អាល្លឺម៉ង់ ចិន រុស្ស៉ី អ៉ីតាលី ជប៉ុន ម៉ាឡេស៊ី នូវែលហ្សេឡង់ ព័រទុយហ្កាល់ អង់គ្លេស កូរ៉េខាងត្បូង និងសិង្ហបុរីជាដើម។
គួរបញ្ជាក់ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តជាបន្តបន្ទាប់ ចំពោះការប្រយុទ្ធប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ។
សូមជម្រាបថា កាលពីខែកក្កដា ឆ្នាំ២០២០ កម្ពុជាក៏បានចេញច្បាប់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មផងដែរ។ ច្បាប់នេះមានគោលបំណងធានាប្រឆាំងការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម ដោយកំណត់អំពី វិធានការត្រួតពិនិត្យ បង្ការ ទប់ស្កាត់ បង្ក្រាប និងលុបបំបាត់ការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្ម។ សូមរម្លឹកថា ប្រទេសកម្ពុជា ធ្លាប់ត្រូវបាន អង្គការ FATF ដាក់ឲ្យស្ថិតក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសដែលមានហានិភ័យខាងលាងលុយកខ្វក់ រយៈពេល៤ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ២០១៩មក៕



Friday, February 24, 2023

រដ្ឋបាលខេត្តកំពង់ចាម សហការជាមួយក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ពីស្គន់ទៅក្រុងកំពង់ចាម

ចំនួនអ្នកទស្សនា: Views

 



ខេត្តកំពង់ចាម៖នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និងក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំ ពិនិត្យផលប៉ះពាល់គម្រោងពង្រីក និងលើកកម្រិតគុណភាព កំណាត់ផ្លូវជាតិលេខ៧ ទៅជាផ្លូវ៤គន្លង ចាប់ពីរង្វង់មូលស្គន់ ស្រុកជើងព្រៃ រហូតដល់គល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម ដែលគ្រោងនឹងធ្វើការស្ថាបនានៅចុងឆ្នាំ២០២៣ ខាងមុខ។

គូរបញ្ជាក់ផងដែរថា  គម្រោងពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧នេះ មានប្រវែងសរុបជាង ៤៥គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវ ក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣.៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១.៥ម៉ែត្រ។ គម្រោងនេះ នឹងរួមបញ្ចូលការ សាងសង់ស្ពានថ្មី ចំនួន ១កន្លែង ប្រវែង ៤០ម៉ែត្រ មានទទឹង ២៤ម៉ែត្រ ស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ មានទទឹង ១២ម៉ែត្រ និងពង្រីកបន្ថែមស្ពានចាស់ ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០.៥ម៉ែត្រដាក់លូគ្រប់ប្រភេទចំនួន ៣៣០កន្លែង បំពាក់កាមេរ៉ា ត្រួតពិនិត្យ ល្បឿនរថយន្ត ២កន្លែង បំពាក់ស្ថានីយជញ្ជីងថ្លឹងរថយន្ត ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់វៃឆ្លាត និងត្រួតពិនិត្យដោយស្វ័យ ប្រវត្តិ (AI and Weigh-in-Motion) ចំនួន ២កន្លែង និងបំពាក់ស្លាក សញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោល សុវត្ថិភាពទៅតាមបទដ្ឋានបច្ចេកទេសផ្លូវថ្នល់។ គម្រោងនេះ នឹងត្រូវអនុវត្ដការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងត្រួតពិនិត្យបច្ចេកទេសដោយក្រុមហ៊ុនទីប្រឹក្សា បច្ចេកទេសក្វាងចូវវ៉ានអាន ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤០ខែ នឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦ គ្រោងចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗ។








Wednesday, February 22, 2023

ប៉ូលិស​ចរាចរណ៍​ម្នាក់​ត្រូវ​ចាប់ខ្លួន ក្រោយ​ពី​ចៅស្រី​ទម្លាយ​រឿង​ផ្ទះសំណាក់​នៅ​ជ្រោះ​ផ្អោ​ក ប្រាប់​ជីតា

ចំនួនអ្នកទស្សនា: Views



 

ខេត្តតាកែវ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ជា​មន្ត្រី​នគរបាល​ចរាចរណ៍​ម្នាក់​ត្រូវ​បាន​ជីតា​ក្មេង​ស្រី​ដែល​ជា​អាណាព្យាបាល បាន​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច​ស្រុក​គី​រី​វង់ ដើម្បី​ជួយ​អន្តរាគមន៍​ពាក់ព័ន្ធ​ករណី​រំ​លោ​.​ភ​សេពសន្ថវៈ​ជាមួយ​អនីតិជន​។

ករណី​ខាងលើ​នេះ បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​អង្គ​ប្រាសាទ បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២១ ខែកុម្ភៈ វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក កម្លាំង​ប៉ុស្តិ៍​បាន​ទទួល​ពាក្យបណ្តឹង​ពី​បុរស​ម្នាក់​អាយុ​៥៤​ឆ្នាំ មាន​ទីលំនៅ​ស្រុក​គី​រី​វង់ ខេត្តតាកែវ ដោយ​បាន​ប្តឹង​ឈ្មោះ ខាន់ ពុ​ទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជា​មន្ត្រី​នគរបាល​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ និង​មាន​ទីលំនៅ​បច្ចុប្បន្ន​ក្នុងភូមិ​ត្រពាំង​ក្តុល ឃុំ​ត្រពាំង​សិលា​ខាងលិច ស្រុក​បន្ទាយមាស ខេត្តកំពត​។

សមត្ថកិច្ច​បន្ត​ថា ក្នុង​ពាក្យបណ្តឹង​ខាងលើ​នោះ គឺ​បាន​ប្តឹង​ចោទ​ថា ជនសង្ស័យ​ខាងលើ ដែល​បាន​ចាប់​រំ​លោ​.​ភ​សេពសន្ថវៈ​លើ​ចៅស្រី​អាយុ​១៣​ឆ្នាំ (​ស្នាក់​នៅ​ក្នុង​បន្ទុក​ជាមួយ​ជីតា​) នៅ​ចំណុច​ផ្ទះសំណាក់​​មួយ ក្នុង​តំបន់​ទេសចរណ៍​ជ្រោះ​ផ្អោ​ក ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ហើយ​ចៅស្រី​ទើបតែ​បាន​បង្ហើប​ប្រាប់​ជីតា​នៅ​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣​។ ក្រោយ​ឮដំណឹង​ដែល​ចៅស្រី​ប្រាប់ ជីតា​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​អោយ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​តែ​ម្តង​ទៅ​។
បច្ចុប្បន្ន ជនសង្ស័យ​ក្នុង​ករណី​រំ​លោ​.​ភ​សេពសន្ថវៈ​ជាមួយ​អនីតិជន​ខាងលើ​នេះ ត្រូវ​បាន​ម​ត្ថ​កិច្ច​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​គី​រី​វង់ ធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕



Tuesday, February 21, 2023

លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ចុះពិនិត្យរកដំណោះស្រាយស្ដីពីការរុករានការដាំដើមចេក និងសង់ខ្ទម នៅលើដីព្រៃកូនឈើរបស់រដ្ឋ ស្ថិតនៅឃុំត្រស់ និងឃុំអណ្ដូងត្របែក ស្រុករមាសហែក

ចំនួនអ្នកទស្សនា: Views

 


(ខេត្តស្វាយរៀង): កាលពីរសៀលថ្ងៃទី១៩ ខែកុម្ភ:ឆ្នាំ២០២៣ លោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង តំណាងលោកអភិបាលខេត្ត បានអញ្ជើញជាអធិបតីនៅក្នុងកិច្ចប្រជុំរកដំណោះស្រាយវិវាទ និងចុះពិនិត្យដល់ទីតាំង ដីព្រៃហើយត្រូវបានប្រជាពលរដ្ឋចុះកាប់រុករាន ដាំចេក និងសង់ខ្ទមនៅលើដីព្រៃកូនឈើរបស់រដ្ឋ ព្រមទាំងបានមករារាំងគ្រឿងចក្ររបស់ក្រុមហ៊ុន ក្នុងការឈូសឆាយព្រៃដាំកូន ឈើឡើងវិញ ក្នុងភូមិសាស្ត្រខាងជើងភូមិបុស្សឃុំត្រស់ និងឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង។
លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែក បានឲ្យដឹងថា: ទីតាំងដីព្រៃរបស់រដ្ឋដែលកំពុងត្រូវបានប្រជាពលរដ្ឋចូលរុករាន កាន់កាប់ទាំងនោះគឺពុំមានលិខិតកាន់កាប់ រឺបញ្ជាក់ពីខាងអាជ្ញាធរមូលដ្ឋានភូមិ-ឃុំ នោះទេគឺពួកគាត់បានសម្រុកនាំគ្នាមករានដីព្រៃរបស់រដ្ឋហើយសង់ខ្ទម ដាំដំណាំអាស្រ័យផលយ៉ាងអាណាធិបតេយ្យស្រេចតែចិត្តដោយពុំគោរពច្បាប់នោះឡើយ បើទោះបីជាខាងមូលដ្ឋានធ្លាប់បាន ណែនាំយ៉ាងណាក៏ដោយ  ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះមានចំនួនប្រមាណជាង២០០គ្រួសារឯណោះ។
លោកអភិបាលស្រុកបានបន្តថា: រឿងការបែកចែកដីធ្លីនេះក្នុងភូមិសាស្ត្រស្រុករមាសហែកកាលពីឆ្នាំ២០១២ តាមរយ:បទបញ្ជាលេខ ០០១ របស់រាជរដ្ឋាភិបាលកម្ពុជា បានឲ្យក្រុមនិស្សិតស្ម័គ្រចិត្ តចុះធ្វើការវាស់វែងបែងចែកធ្វើកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋចំនួន៧៨គ្រួសារ ដោយក្នុងនោះមួយគ្រួសារបានទទួលដីធ្វើជាកម្មសិទ្ធស្របច្បាប់ ចំនួន១.៥ហិកតា ដោយបានឆ្វៀលដីគំរបព្រៃរបស់រដ្ឋ ជូនពួកគាត់រួចមកហើយក៏ប៉ុន្តែមួយរយ:ចុងក្រោយនេះ មិនដឹងជាប្រជាពលរដ្ឋមកពីខាងណាខ្លះទេ បាននាំគ្នាមកកាប់រុករាន ដាំដំណាំអាស្រ័យផលលើដីរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់គាត់ ទៅវិញ ដោយពុំស្តាប់ហេតុផលនោះឡើយ។
ក្នុងឱកាសនោះផងដែរលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង ក៏បានសំណូមពរដល់មន្ត្រីដែលមានការ ពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នារកដំណោះឲ្យបានឆាប់រហ័ស និងទាន់ពេលវេលាដោយ លើកពីហេតុផលឲ្យពួកគាត់យល់ពីច្បាប់នៃការកាន់កាប់ប្រើប្រាស់ដីធ្លីពីព្រោះថាបើយើងមិនគោរពច្បាប់ទេ គឺត្រូវប្រឈមទៅនិងការអនុវត្តច្បាប់ដោយបង្ខំ ដើម្បីកុំឲ្យមានភាពអនាធិបតេយ្យ ដូច្នេះបន្តទៅទៀត។
លោកអភិបាលរងខេត្តបានបន្តថា: ទោះបីជាយ៉ាងណាក៏ដោយអាជ្ញាធរគ្រប់លំដាប់ថ្នាកត្រូវព្យាយាមដោះស្រាយ បញ្ហាដីធ្លីនេះជាលក្ខណ:ក្រៅប្រព័ន្ធតុលាការឲ្យអស់លទ្ធភាព ដោយបានសុំគោលការ ទៅលោកអភិបាលខេត្ត ដើម្បីចេញសេចក្តីសម្រេចនាពេខាងមុខនេះហើយ ក្នុងនាមយើងជាម្ចាស់មូលដ្ឋានដាច់ខាតត្រូវតាមដានរកមេខ្យល់ឲ្យឃើញ ដែលដើរឃោសនាប្រជាជនឲ្យធ្វើការកាប់រុករាន ដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធរបស់ខ្លួនដើម្បីឲ្យទទួលខុសត្រូវចំពោះមុខច្បាប់។ដោយRTN




Wednesday, February 15, 2023

ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជាង១០០នាក់ប្រចាំខេត្តស្វាយរៀង

ចំនួនអ្នកទស្សនា: Views



ខេត្តស្វាយរៀង៖នៅព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាសាលប្រជុំ អគារ ឃ សាលាខេត្តស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តបានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀង


ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកស្នងការរងនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអភិបាលក្រុងស្រុកទាំង៨ លោក លោកស្រីនាយកទីចាត់ការ/អង្គភាពចំណុះសាលាខេត្ត សរុបវត្តមានចំនួន២០០នាក់ ។


មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវក្ដីរីករាយដោយបានជួបសំណេះសំណាលជាមួយបងប្អូនអ្នកសារព័ត៌មានប្រចាំខេត្តស្វាយរៀងយើងទាំងអស់គ្នានៅថ្ងៃនេះ និងអរគុណចំពោះមន្ទីរព័ត៌មានខេត្ត ដែលបានបង្កើត និងរៀបចំឲ្យមានពិធីជួបជុំសំណេះសំណាលនេះឡើង ដែលសរបញ្ជាក់ឲ្យឃើញពីការយកចិត្តទុកដាក់ការពារលើកស្ទួយក៏ដូចជា ផ្ដល់នូវភាពចាំបាច់មិនអាចខ្វះបានសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាចំណែកដើរតួនាទីដ៏សំខាន់នៅក្នុងគ្រប់ទិដ្ឋភាព និងដំណើរប្រព្រឹត្តទៅរបស់សង្គម ជាពិសេសនៅក្នុងបរិបទសម័យកាលបច្ចេកវិទ្យា នៃបដិវត្ដន៍ឧស្សាហកម្ម ៤.០ ហើយបានរៀបចំឡើងចំនឹងថ្ងៃទិវានៃក្ដីស្រឡាញ់ ១៤កុម្ភៈនេះ គឺជាការបង្ហាញពីមនោសញ្ចេតនាស្រឡាញ់រាប់អានគ្នាជាភាតរៈ ទំនាក់ទំនងដ៏ល្អ និងស្អិតរមួត រវាងអាជ្ញាធរ និងបងប្អូនអ្នកសារព័ត៌មានយើង ដើម្បីបង្កើនកិច្ចសហការភាពស្និទ្ធស្នាល និងការយល់ចិត្តគ្នា រវាងរដ្ឋបាលខេត្ត និងវិស័យព័ត៌មានក្នុងខេត្ត ។


ឯកឧត្តមបន្ថែមថា បងប្អូនអ្នកសារព័ត៌មាន បន្តខិតខំសិក្សារៀនសូត្របង្កើនសមត្ថភាពវិជ្ជាជីវៈរបស់ខ្លួនឱ្យល្អប្រសើពិសេសត្រូវចងចាំពាក្យស្លោកដ៏មានអត្ថន័យគឺ​"​អ្នកសារព័ត៌មាន​កុំបំពានសិទ្ធអ្នកដ៏ទៃ​ កុំបំភ្លៃការពិត"​ ។ ហេីយត្រូវដើរឲ្យទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន។​ ទន្ទឹនេះ សូមឲ្យអស់លោក លោកស្រីជាប្រធានមន្ទីរ-អង្គភាព អភិបាលក្រុង ស្រុក កងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់ទុកអ្នកសារព័ត៌មានជាដៃគូមិនអាចខ្វះបានក្នុងការងារ មិនត្រូវយកអ្នកសារព័ត៌មានធ្វើជាសត្រូវឡើយ។ 


ក្នុងនោះត្រូវឈរលើស្មារតីរួមសហការគ្នា ក្នុងការប្រយុទ្ធប្រឆាំងជាមួយភាពអសកម្ម អំពើពុករលួយ ភាពមិនប្រក្រតី និងភាពអយុត្តិធម៌ក្នុងសង្គម ដើម្បីកែលម្អការងាររបស់យើងឲ្យកាន់តែល្អ ទាំងក្នុងកិច្ចការអភិវឌ្ឍ និងការផ្ដល់សេវាសាធារណៈ ដែលគោលដៅរួមចុងក្រោយគឺផ្ដល់ផលប្រយោជន៍ពិតប្រាកដជូនបងប្អូនប្រជាពលរដ្ឋរបស់យើង ។ ទន្ទឹមនេះ សូមឲ្យគ្រប់អង្គភាព និងអាជ្ញាធរមូលដ្ឋានរបស់យើង ត្រូវពង្រឹងកិច្ចការទំនាក់ទំនងព័ត៌មាន ព្រមទាំងបណ្ដាញផ្សព្វផ្សាយសង្គមផ្ទាល់ របស់អង្គភាពខ្លួនឲ្យកាន់តែសកម្ម និងមានដំណើរល្អបន្ថែមទៀត ។


ជាចុងបញ្ចប់នេះពិធីនេះ ឯកឧត្តមអភិបាលខេត្តបានឧបត្ថម្ភដល់បងប្អូនអ្នកសារព័ត៌មានចំនួន១៣៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន៨ម៉ឺនរៀល និងពិសារអាហារសាមគ្គីប្រកបដោយភាពស្និតស្នាលសប្បាយរីករាយផងដែរ។RTN