ខេត្តកំពង់ធំ៖អភិបាលស្រុកស្ទោងណែនាំដល់អាជ្ញាធរមូលដ្ឋានត្រូវយកទុកដាក់ខ្ពស់លើជំនន់ទឹកភ្លៀងនិង ទឹកស្ទឹងស្ទោង និងផលប៉ះពាល់ លោកបានធ្វើការណែនាំដូច្នេះនៅក្នុងឱកាសដែលលោកនិងសហការីបានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកជំនន់និងស្រែស្រូវរបស់ប្រជាកសិករដែលជនលិចដោយសារជំនួនទឹកភ្លៀងនិងជំនន់ទឹកស្ទោងនៅក្នុងភូមិសាស្ត្រឃុំម្សាក្រងស្រុកស្ទោង ខេត្តកំពង់ធំ កាលពីរសៀលថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២៤ កន្លងទៅនេះ។
ទន្ទឹមនឹងនេះ លោកបានណែនាំបន្ថែមដល់អាជ្ញាធរ ភូមិ ឃុំ និងជំនាញពាក់ព័ន្ធ ត្រូវធ្វើការតាមដានពីផលប៉ះពាល់ស្ថានភាពទឹកជំនន់ជាប្រចាំនិងរាយការណ៍ជាបន្ទាន់ទៅរដ្ឋបាលស្រុកដើម្បីមានវិធានការជួយសង្គ្រោះក៏ដូចជាវិធានការទប់ទល់ និងកាយរំដោះទឹក ហើយធ្វើរបាយការណ៍បូកសរុប។
ទន្ទឹមនឹងនេះលោកបានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានសូមមេត្តាប្រុងប្រយ័ត្នកូនចៅ កុំបណ្ដោយឱ្យលេងទឹកឬទុកនៅផ្ទះដោយពុំមានមនុស្សចាស់នៅជាមួយ ដែលអាចជួបនូវហានិភ័យលង់ទឹកជាយថាហេតុ ជាពិសេស សិស្សានុសិស្សដែលនៅសងខាងស្ទឹងស្ទោង សូមលោកគ្រូអ្នកគ្រូនិងនាយក នាយិកា ត្រូវយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពពួកគាត់ ទាំងនៅក្នុងសាលារៀននិងពេលត្រឡប់ទៅគេហដ្ឋានវិញផងដែរ។
លោកបានបញ្ជាក់ឲ្យដឹងថា ដោយសារស្ថានភាព ទឹកភ្លៀងនៅតែបន្តឥតឈប់ ជាពិសេសការភ្លៀងខ្លាំងនៅក្បាលស្ទឹងស្ទោងដែលធ្វើឲ្យនៅអាង៣០កញ្ញា និងបណ្ដោយស្ទឹងស្ទោងនៅតែបន្តហក់ឡើងជារៀងរាល់ថ្ងៃ ដែលហេតុនឹងបង្កឲ្យមានការជនលិចនៅតាមបណ្ដោយស្ទឹងជាពិសេសនៅក្នុងភូមិសាស្ត្រឃុំម្សាបន្តទៅទៀត។
គួរបញ្ជាក់ផងដែរថា គិតត្រឹមថ្ងៃទី ៣១ខែកក្កដាឆ្នាំ ២០២៤នេះស្រុកស្ទោងទាំងមូលមានតែភូមិសាស្រ្ត ឃុំម្សាក្រង១ទេ ដែលរងផលប៉ះពាល់ខ្លាំងជាងគេដែលក្នុងនោះរួមមាន ភូមិប្រគាប គោកទ្រា អូរដូងនិងភូមិកំពង់ប្រដុំ ដែលសរុបស្រែស្រូវស្មើនឹង ១១៨ហិចតា ត្រូវជា ១២៦គ្រួសារ។
No comments:
Post a Comment